ព័ត៌មានជាតិ

ទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាបារាំង នៅកម្ពុជា​ មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិកា រវាងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ

ភ្នំពេញ៖ គណៈប្រតិភូនៃកុ្រមមិត្តភាពបារាំង-កម្ពុជា របស់ព្រឹទ្ធសភាបារាំង ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពនេះ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តាមការអញ្ជើញ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយដំណើរទស្សនកិច្ចនេះ មានគោលដៅ ពង្រឹងកិច្ចសហប្រតិបត្តិកា រវាងស្ថាប័នព្រឹទ្ធសភា នៃប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា ស្តីពីទស្សនកិច្ចនៅកម្ពុជា​ របស់គណៈប្រតិភូព្រឹទ្ធសភាបារាំង នាថ្ងៃទី១៥ ខែឧសភានេះ បានឱ្យដឹងថា រៀបចំឡើងក្នុងបរិបទ នៃការផ្លាស់ប្តូរថ្នាក់ដឹកនាំ​នៃព្រឹទ្ធសភាកម្ពុជា ដំណើរទស្សនកិច្ចនេះ​ ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃការពង្រឹងទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសបារាំង ស្របតាមការប្តេជ្ញាចិត្តមួយ ដែលធ្វើឡើងនៅក្នុង ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅនៅទីក្រុងប៉ារីស៍។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូព្រឹទ្ធសភាបារាំង នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន។ បន្ទាប់មក គណៈប្រតិភូនឹងធ្វើបទបង្ហាញមួយ ស្តីពីតួនាទីរបស់សមាជិកព្រឹទ្ធសភា និងការទូតសភា។

ដំណើរទស្សនកិច្ចខាងលើនេះ ក៏ជាឱកាសផងដែរ សម្រាប់សមាជិកព្រឹទ្ធសភាបារាំង ពិភាក្សាការងារជាមួយធុរជនបារាំង និងពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដែលកំពុងដំណើរការ ក្រោមសហហិរញ្ញប្បទាន ពីទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍(AFD)។ មុននឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីស្វែងយល់ពីការជួសជុល ប្រាសាទមេបុណ្យខាងលិច ដែលធ្វើឡើងដោយមានជំនួយហិរញ្ញវត្ថុ ពីប្រទេសបារាំងផងដែរ៕

To Top