ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃ១៦ ឧសភា នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤)។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ស សុខា បានកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិ ដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវច្បាប់បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ។

នាយឧត្តមសេនីយ៍ ស សុខា បានមានប្រសាសន៍ ឲ្យបន្តយកចិត្តទុកដាក់ធ្វើការលើការងារកំណែទម្រង់ ដោយការងារ នេះបានផ្តល់ឱកាសឲ្យមានរីកចម្រើន ជឿនលឿន ។ ជាក់ស្តែងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាគោលដៅ ក្នុងការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្នាក់ក្រោមជាតិ។ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រ ក្នុងសង្គម ពិសេសក្នុងវិស័យកងកម្លាំងប្រដាប់អាវុធ ដែលទាំងនេះជាកត្តា និងឆន្ទះដ៏មុះមុត ក៏ជាគោលដៅរួមមួយផងដែរ ។

សូមបញ្ជាក់ថា ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ ក្នុងគោលបំណងរំព្ញកដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ៕





