ព័ត៌មានជាតិ

ក្រុមហ៊ុន Booyoung៖ ការវិនិយោគនៅកម្ពុជា មិនមែនដើម្បីប្រាក់ចំណេញ សុទ្ធសាធនោះទេ តែជាការរួមចំណែក អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ការសម្រេចចិត្តវិនិយោគ របស់ក្រុមហ៊ុនក្រុមហ៊ុន Booyoung Khmer នៅក្នុងប្រទេសកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។

ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​ នាថ្ងៃទី១៧ ខែឧសភានេះ លោកបណ្ឌិត Lee Joong Keun បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម នាឱកាសនេះ និងបានរំឮកអំពីប្រសាសន៍ ប្រកបដោយអត្ថន័យ របស់លោកប្រធានាធិបតី យូន ស៊កយ៉ល (Yoon Suk Yeol) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះថា “ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា”។

ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចធិបតី ថា ការសម្រេចចិត្តវិនិយោគ របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនក្នុងបំណងស្វែងរក ប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយ ដែលបានជួបជាមួយ លោកប្រធានក្រុមប្រឹក្សាភិបាល សាជាថ្មីម្ដងទៀត នៅសាធារណរដ្ឋកូរ៉េ និងអរគុណដល់ក្រុមហ៊ុន ដែលបានរួមដល់រួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគ លើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំង នៃអាជីវកម្មរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះសម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តជួបពិភាក្សា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួល លើកិច្ចការ ដែលនៅសេសសល់ និងពង្រីកឱកាសវិនិយោគ លើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនបន្ថែមទៀត របស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ៕

To Top