ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកពលករខ្មែរ និងពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បានដើរតួនាទីគន្លឹះក្នុងការជំរុញឱ្យក្រុមហ៊ុនកូរ៉េ ទទួលយកពលករខ្មែរជាបន្តបន្ទាប់ ពោលគឺចំនួនពលករមានការកើនឡើងដោយសារតែឥរិយាបថពលករខ្មែរល្អ ស្លូតត្រង់ និងមានភាពស្មោះត្រង់ ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េនៅ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តួរអង្គមុនគេ ដែលបង្ហាញពីកម្ពុជា ដែលធ្វើឱ្យបរទេសស្រលាញ់ទុកចិត្ត លើប្រទេសកម្ពុជា នោះគឺបានមកពីបងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េ តាមរយៈឥរិយាបថ សុភាពរាបសារ ស្មោះត្រង់ ។
សម្តេចធិបតី មានប្រសាសន៍ថា “តួរអង្គសំខាន់បំផុត នៅក្នុងការជំរុញ ឱ្យមានការកើនឡើង នៃពលករយើង កូតាពលករយើងនឹង ចំនួននៅទីនេះ គឺដោយសារបងប្អូននេះឯង បើអ្នកមកមុន មិនខំប្រឹង ចាំតែគេអោយមកទៀតតេី បើខ្មែរយើងមកមុន បង្កតែរឿងឱ្យគេឈឺក្បាល គេចាំតែឱ្យមកកើតតើ តែដោយសារបងប្អូនយើងស្លូតត្រង់ បងប្អូនយើងខំ ការងារនេះហើយ បានជាកូរ៉េ ព្រោះកូរ៉េគេឱ្យមកទាល់តែថៅកែកូរ៉េគេចង់បាន ព្រោះរដ្ឋាភិបាល មិនអាចទៅបង្ខំថៅកែកូរ៉េ ឱ្យយកនោះទេ” ។
ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា “អ្នកដែលដើរតួនាទីសំខាន់ គន្លឹះមួយទៀតក្រៅពីរដ្ឋាភិបាល គឺបងប្អូនពលករយើង និងបងប្អូនខ្មែរយើងដែលរស់និងធ្វើការនៅទីនេះ” ។
សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា “បើសិនជាមានរឿង គេឃើញតែខ្មែរ ថ្ងៃក្រោយ គេឃើញខ្មែរ មានអារម្មណ៍នឹកឃើញ តែបើខ្មែរយើងល្អ ខ្មែរយើងពូកែ ឆ្នើម យើងធ្វើបានច្រើន”៕