ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា មិនអាចអនុវត្តវប្បធម៌សន្ទនា ជាមួយអ្នកនយោបាយក្បត់ជាតិឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រកាសថា សម្ដេចមិនអាចអនុវត្តវប្បធម៌សន្ទនា ជាមួយអ្នកនយោបាយក្បត់ជាតិ ទោះបីជាសម្ដេច ធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះ ក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ ។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ មានប្រសាសន៍ថា ការបង្កើតវប្បធម៌សន្ទនា គឺមានសង្គត់ភាពជាមួយនឹងការជំរុញលទ្ធិប្រជាធិបតេយ្យ សេរីពុហបក្ស ដោយគោរពគោលការណ៍ នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

សម្ដេចតេជោបន្ដថា លទ្ធិប្រជាធិបតេយ្យដែលជារបបគ្រប់គ្រងគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយ និងការគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោតជាជាងប្រើគ្រាប់កាំភ្លើង ។

សម្ដេចតេជោបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាពិតជាមានគណបក្សនយោបាយច្រើន ប៉ុន្តែកម្ពុជាលែងមានក្រុមប្រដាប់អាវុធទៀតហើយ អ្វីដែលសំខាន់ផងដែរនោះ អំពើហិង្សាក្នុងពេលបោះឆ្នោតបានរលាយសាបសូន្យពីឆាកនយោបាយកម្ពុជា បន្ទាប់ពីការសម្រេចជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ។

សម្ដេចតេជោគូសបញ្ជាក់ថា «នេះជាតថភាពនៅកម្ពុជាដែលបង្ហាញពីភាពចាស់ទុំ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ។ យ៉ាងណាក្តី ខ្ញុំពិតជាមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិដែលបានវាយប្រហារមកលើខ្ញុំនិងគ្រួសារខ្ញុំឥតឈប់ឈរ ទោះបីជាខ្ញុំធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ»។

សម្ដេតេជោបន្ដទៀតថា ជនម្នាក់នេះនៅតែចិញ្ចឹមចិត្តកំចាត់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជា វប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយមដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សាបង្ហូរឈាមដូចអតីតកាលនោះឡើយ។

សូមបញ្ជាក់ថា វប្បធម៌សន្ទនាត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ រវាងគណបក្សប្រជាជនកម្ពុជា គឺមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងអតីតគណបក្សសង្រ្គោះជាតិមានលោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ ប៉ុន្តែវប្បធម៌សន្ទនានេះ កើតឡើងមិនបានប៉ុន្មានផង ក៏ត្រូវលុបចោលទៅវិញ ៕

To Top