កំពង់ស្ពឺ ៖ ការផ្សងប្រផ្នូល ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អនៅឆ្នាំ២០២៤ នេះ ។

សូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយ នៃពិធីបុណ្យទ្វារទសមាស ។ ព្រះរាជពិធីប្រពៃណីនេះធ្វើឡើងក្នុងគោលបំណងផ្សងប្រផ្នូលទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា ។

ជាលទ្ធផលនៃការផ្សង ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូបបីជុំ គោឧសភរាជ ត្រូវបានលែងឱ្យទៅបរិភោគអាហារទាំង ប្រាំពីរមុខខាងលើ។ ក្នុងចំណោមអាហារទាំងប្រាំពីរ មុខនេះ មានអាហារចំនួនបីមុខ ដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។

តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំងបីមុខនេះនឹងទទួលបានទិន្នផលល្អប្រសើរ ក្នុងឆ្នាំនេះ៕



