ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas ព្រោះគ្មានលេខបញ្ជីកាពីក្រសួង ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នាថ្ងៃ៦ មិថុនា បានឲ្យដឹងថា ក្រសួងបានពិនិត្យឃើញ មានផលិតផលជំនួយ សុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកាពីក្រសួងកំពុង ចរាចរលើទីផ្សារកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផល ជំនួយសុខភាព ដែលកំពុងចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ។
ក្រសួងសុខាភិបាល ក៏បានតម្រូវឲ្យបុគ្គល ដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលជំនួយ សុខភាពនេះជាបន្ទាន់។ ក្រសួងនឹងមានវិធានការតឹងរឹងទៅ តាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាព គ្មានលេខបញ្ជីកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕
ក្រសួងក៏ស្នើពលរដ្ឋ មុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមាន ពីរផ្នែក ទី១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ទី២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់មក ជាមួយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលថា ពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាព ដែលគ្មានលេខបញ្ជិកា ជាបន្តទៀតទេ ព្រោះផលិតផលនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយ បណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតផង៕


