ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រព ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើ ថ្នាក់តំបន់ដំបូងនៅកម្ពុជា»។
ប្រព័ន្ធស្រោចស្រពដើរដោយ ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ មានទីតាំងស្ថិតនៅឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ដែលមានទំហំធំនេះ នឹងធ្វើឡើងនៅ៥ទីតាំង នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី ដែលអាចបណ្តុះនិងផលិតកូនឈើក្នុង១ឆ្នាំ យ៉ាងតិច១០លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋដាំ។ លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងបានបញ្ចប់ប្លង់ការសាងសង់ សម្រាប់ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ ហើយការសាងសង់នឹងធ្វើឡើងឆាប់ៗ នៅពេលខាងមុខ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០-១៦ កក្កដា នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។

លោកបណ្ឌិតបន្ដថា ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឲ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
