ព័ត៌មានជាតិ

សាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ផ្តល់អំណោយអង្ករវីតាមីន ៤០០កេស ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគម បាននាំយកអំណោយអង្ករវីតាមីនចំនួន ៤០០ កេស ជូនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបរិច្ចាគអង្ករវីតាមីនចំនួន ៤០០កេស ដែលជាការឧបត្ថម្ភលើកទី៣ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រី អគ្គលេខាធិការបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្តាល និងសាខាទាំងអស់ តែងតែធ្វើការកៀងគរ រកជំនួយពីសប្បុសជននានា ក្នុងឱកាសទិវា ៨ ឧសភា ដើម្បីទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។

លោកស្រីបានបញ្ជាក់ថា ការកៀងគររកជំនួយនេះដែរ បើសាខាណាមិនមានលទ្ធភាពគ្រប់គ្រាន់ និងផ្តល់ជំនួយទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាទេ ថ្នាក់កណ្តាលនឹងយកទៅបំពេញបន្ថែម ហើយអំណោយទាំងអស់ និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្តាល់។
លោកស្រីបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសនានា កាកបាទក្រហមកម្ពុជា នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសជនចាស់ជរាឥតទីពឹង និងកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងផ្ទុកមេរោគអេដស៍ជាដើម។

ក្នុងនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រីនិងក្រុមការងារ មានការពេញចិត្តគោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានខិតខំប្រឹងប្រែង ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយ និងជួបទុក្ខលំបាកបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកស្រី បានបញ្ហាញនូវការជឿជាក់ថា អង្ករវីតាមីនទាំងនេះ នឹងទៅដល់ដៃប្រជាពលរដ្ឋងាយគ្រោះ និងជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយលោកជំទាវនិងបន្តជួយដល់ កាកបាទក្រហមកម្ពុជា នូវអង្ករវីតាមីននេះជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានឧបត្ថមអង្ករវីតាមីន ដល់កាកបាទក្រហមកម្ពុជា ចំនួន៣លើករួចមកហើយ ដោយលើកទី១ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៦ ឧបត្ថមអាហារវីតាមីនចំនួន២០០កេស, លើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឧបត្ថមអង្ករវីតាមីនចំនួន​២០០​កេស, និងលើកទី៣ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានឧបត្ថមអង្ករវីតាមីនចំនួន​ ៤០០កេស៕

To Top