កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ របស់ក្រសួងកសិកម្មនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចុះអន្តរាគមន៍ កំចាត់ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវអស់ប្រហែល ១៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយលោកបានអំពាវនាវ យ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ ដើម្បីចុះអន្តរាគមន៍ ទាន់ពេលវេលា។

ជាមួយគ្នានេះដែរ អភិបាលខេត្តក៏ បានស្នើអាជ្ញាធរ នៅតាមមូលដ្ឋាន រាយការណ៍ឲ្យបានទាន់ពេលវេលា ចំពោះហេតុការណ៍ ទាំងឡាយណា ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលអាចជាព័ត៌មាន ផ្ដល់ដល់ការអន្តរាគមន៍ ជួយប្រជាកសិករទាន់ពេលវេលា ។ ទន្ទឹមនឹងនេះលោកក៏អំពាវនាវ ចំពោះប្រជាពលរដ្ឋ ដែលបានជួបហេតុការណ៍ផ្សេងៗហើយត្រូវការ ការអន្តរាគមន៍ពីអាជ្ញាធរ ឬមន្ត្រីជំនាញប្រញាប់ រាយការណ៍ទៅដល់មេភូមិ ឬមន្ត្រីកសិកម្មឃុំ ដើម្បីមានលទ្ធភាពឆ្លើយតបទាន់ពេលវេលា ។

ចំណែកលោក យឹម ណន ប្រធានមន្ទីរ កសិកម្ម ខេត្តកំពង់ស្ពឺក៏បានឲ្យដឹងថា មន្ត្រីជំនាញប្រើថ្នាំជីវសាស្ត្របាញ់ សម្លាប់សត្វដង្កូវហ្វូងនេះ ក្នុងស្រែណា ដែលមានច្រើន។
ចំពោះស្រែណាដែលមានហ្វូងដង្កូវ តិចមន្ត្រីជំនាញប្រើយុទ្ធសាស្ត្រដាក់អន្ទាក់ ឬធ្វើស្មៅសម្អាតតាមប្រឡាយទឹក ដើម្បីកម្ចាត់ចោលអស់ក្នុងរយៈខ្លីបំផុត។

លោកបន្តទៀតថា ចំណែកខាង ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ក៏មានហ្វូងដង្កូវកំពុងស៊ីបំផ្លាញដំណាំស្រូវចំនួន៥ហិកតាដែរ ដោយមន្ត្រីជំនាញចុះ ទៅអនុវត្តន៍ដូចខាងស្រុកថ្ពងផងដែរ ៕






