ព័ត៌មានជាតិ

រដូវកាលវប្បធម៌ “រាំតាមខ្ញុំ” កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ 2024 ការរាំ Breakdance

ភ្នំពេញ៖ នៅមួយខែមុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ និងនៅក្នុងក្របខណ្ឌ នៃរដូវកាលរប្បធម៍ “រាំតាមខ្ញុំ” ដែលអបអរសាទរសិល្បៈនៃការរាំរបាំ និងចលនាកាយវិការ ការតាំងពិព័រណ៍ Breakdance នឹងផ្តល់កិត្តិយសបង្ហាញពីប្រភេទវិញ្ញាសាកីឡា breaking។ ពិព័រណ៍នេះនឹងត្រូវដាក់បង្ហាញនៅលើជញ្ជាំងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅ កម្ពុជា ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤។

ជាកីឡាដែលមានដើមកំណើត ពីវប្បធម៌ហ៊ីបហប និងមានប្រភពដើម នៅសហរដ្ឋអាមេរិក ការរាំ breaking ហៅម្យ៉ាងទៀតថា break, breakdance, breakdancing ឬ bboying ត្រូវបានបង្កើតឡើងដោយឯកឯង នៅតាមដងផ្លូរ។ សព្វថ្ងៃនេះ ការរាំ breaking បានត្រូវទទួលស្គាល់ជាអន្តរជាតិ និងជាវិញ្ញាសា នៃការប្រកួតកីឡាជាច្រើន។ បន្ទាប់ពីការ បង្ហាញខ្លួនលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជននៅទីក្រុង Buenos Aires ក្នុងឆ្នាំ២០១៨ បន្ទាប់មកនៅក្នុង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០១៩ និង២០២៣ ការរាំ breakdance នឹងត្រូវចូលរួមនៅក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្នុងនាមជាវិញ្ញាសាកីឡាមួយបន្ថែម។

ការតាំងពិព័រណ៍នេះ នឹងបង្ហាញពីរូបថតដែលថតដោយគម្រោង ស្ទូឌីយោរូបភាព-ផ្ទះរូបថត ក្នុងអំឡុងពេលការប្រកួតក្បាច់រាំ breakdance របស់វិទ្យាស្ថានបារាំងកម្ពុជា ថ្ងៃទី ៣១ ខែឧសភា និងថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤។ អ្នករាំទាំងឡាយបានបង្ហាញខ្លួន នៅពេលប្រកួតប្រជែង ក្នុងចម្លាក់ពីរទល់នឹងពីរ ធ្វើឲ្យទស្សនិកជនភ្លឺភ្នែក ជាមួយនឹងកាយវិការ បែបកាយសម្ព័ន្ឋ និងចលនាប្លែកៗមិនដែលឃើញ។ ការរាំ breakdance លើកកម្ពស់តន្ត្រី ភាពច្នៃប្រឌិត និងអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន ដែលអាចឱ្យមនុស្សទាំងអស់គ្នាចូលរួម ចំណែកទៅនឹងប្រវត្តិនៃកីឡានេះ។

រូបថត bboys និង bgirls (អ្នករាំរបាំ breakdance) ដែលត្រូវបានរក្សាទុកជាប័ណ្ណសារដោយ ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅលើ ជញ្ជាំងនៃវិទ្យាស្ថានបារាំងកម្ពុជា ដែលបង្ហាញពីការវិវត្តនៃវិញ្ញាសានេះ។

ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) គឺជាទីភ្នាក់ងារសារព័ត៌មានពិភពលោកដ៏ធំមួយ ក្នុងចំណោមភ្នាក់ងារសារព័ត៌មានពិភពលោកធំៗចំនួនបី និងជាទីភ្នាក់ងារសារព័ត៌មានអឺរ៉ុប តែមួយគត់។ បេសកកម្មរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងគឺធានាបាន នូវការក្តាប់យកព័ត៌មានយ៉ាងឆាប់រហ័សពេញលេញមិនលំអៀង និងផ្ទៀងផ្ទាត់ព្រឹត្តិការណ៍បច្ចុប្បន្នភាពដូចជា ប្រធានបទដែលនៅជុំវិញជីវិតប្រចាំថ្ងៃរបស់យើង។

សម្រាប់ការតាំងពិព័រណ៍នេះ ទីភ្នាក់ងារសារព័ត៌មានបារាំង-នៅបាងកក និងវិទ្យាស្ថានបារាំងកម្ពុជា សូមអញ្ជើញលោកអ្នកឱ្យជ្រមុជចូលក្នុងពិភពនៃការរាំ និងគយគន់ភាព ពិសេសប្រណិតនៃកាយវិការដ៏ស្វាហាប់ លះៗ និងច្នៃប្រឌិតនៃរបាំនេះ៕

To Top