DAP News

ព័ត៌មានជាតិ

អ្វីទៅ ជាការដឹកជញ្ជូន ទំនិញតាមផ្លូវសមុទ្រ?

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ជារឿយៗគេហៅថា “កប៉ាល់ដឹកទំនិញ”។ ក្រុមហ៊ុនទាំងនោះផ្តល់សេវាកម្មតាមកាលវិភាគជាក់លាក់ជាមួយនឹងកំពង់ផែ ដោយផ្តល់នូវមធ្យោបាយដែលអាចទុកចិត្តបានដើម្បីដឹកជញ្ជូនទំនិញពីប្រទេសទៅកាន់ប្រទេសមួយផ្សេងទៀត។ ឧទាហរណ៍ថា ការដឹកជញ្ជូនទំនិញពីកំពង់ផែកំពង់សោម ប្រទេសកម្ពុជា ទៅកាន់កំពង់ផែសៀវមិន ប្រទេសចិន។

តើក្រុមហ៊ុនកប៉ាល់​នៅប្រទេសកម្ពុជាមានចំនួនប៉ុន្មាន?

យោងតាមរបាយការណ៍បានបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនកប៉ាល់​ដែលជាភ្នាក់ងារ និងសាខារបស់ក្រុមហ៊ុនមេនិងតំបន់ នៅប្រទេសកម្ពុជាមានចំនួនប្រហែលជាង ១០ក្រុមហ៊ុន ដែលកំពុងសហការរកស៊ីជាមួយនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រហែលជាង ១០ក្រុមហ៊ុនទៀត ដែលកំពុងសហការជាមួយនឹងកំពង់ផែស្វយ័តភ្នំពេញ។ ប្រទេសកម្ពុជាបាននាំចេញផលិតផលជាច្រើនមាន អាហារ កសិកម្ម  រថយន្ត គ្រឿងអេឡិចត្រូនិក  វាយនភណ្ឌ សម្លៀកបំពាក់  កង់និងគ្រឿងបន្លាស់  គ្រឿងសង្ហារិម  កាបូប  ប្រដាប់ប្រដាក្មេងលេង សំបកកង់រ៉ាឌីកាល់  កម្រាលឈើ  ជាដើម​។

ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាត្រូវការកំពង់ផែសមុទ្រទឹកជ្រៅ និងព្រែកជីកហ្វូណន?

ការបង្កើតព្រែកជីកហ្វូណន និងកំពង់ផែសមុទ្រទឹកជ្រៅនឹងចូលរួមយ៉ាងសំខាន់ដើម្បីបង្កើនការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ និងជាសក្ដានុពលសំខាន់ដើម្បីកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។ ជាការពិតណាស់ បច្ចុប្បន្នកប៉ាល់តូចៗដឹកទំនិញបានចំនួនតិច ហើយការដឹកជញ្ជូនត្រូវឆ្លងកាត់ប្រទេសសិង្ហបុរី ប្រសិនបើកប៉ាល់នោះចេញដំណើរពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងត្រូវឆ្លងកាត់ប្រទេសវៀតណាម ប្រសិនបើកប៉ាល់ចេញដំណើរពីកំពង់ផែស្វយ័តភ្នំពេញ៕

ដោយ៖ យន់ ភិរុណ​

To Top