ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៤ កក្កដាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយវគ្គ២ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយរបស់កងទ័ពជើងគោកនេះ គឺជាលើកទី២ ក្នុងគោលបំណងផ្តល់ចំណេះដឹង ផ្នែកពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ឱ្យកាន់តែស្ទាត់ជំនាញងាយស្រួល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ គ្រោះទឹកជំនន់ បាក់រលំអគារជាដើម។ ជាពិសេស ដើម្បីបង្កើនសមត្ថភាពហ្វឹកហ្វឺន ជាគ្រូបង្គោលដល់កងសង្គ្រោះរបស់អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលក្រោមការជួយឧបត្ថម្ភ របស់អង្គការ JPR ប្រចាំនៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវតែខិតខំហ្វឹកហាត់ ដាក់កាយដាក់ចិត្ត យកអស់ស្មារតីរៀនសូត្រ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដើម្បីយកចំណេះជំនាញនេះ មកបម្រើអង្គភាព ក៏ដូចជាប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕