ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងមាតា-បិតា ត្រូវចូលរួមយកចិត្តទុកដាក់បណ្តុះទម្លាប់គោរពច្បាប់ដល់សិស្សានុសិស្ស និងកូនៗខ្លួន ឲ្យបានជាប់ជាប្រចាំ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាមតេយ្យសិក្សា ហ៊ុន សែន កំចាយមារ ចំនួន ១ខ្នង ៤បន្ទប់ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១១ កក្កដា សម្តេច ស ខេង បានផ្តាំផ្ញើចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស បង្កើនការយកចិត្តទុកដាក់ លើបរិស្ថានសាលារៀនស្អាត លើកកម្ពស់អនាម័យ និង ការអនុវត្តសកម្មភាព បន្ថែមទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដើម្បីបណ្តុះទម្លាប់វិន័យ សីលធម៌ និងឥរិយាបថល្អ រវាងសិស្សានុសិស្សគ្នាឯង រវាងសិស្សានុសិស្ស និងរៀមច្បង ឬចាស់ព្រឹទ្ធាចារ្យ មាតាបិតា និងលោកគ្រូអ្នកគ្រូផងដែរ។
សម្ដេចបន្ដថា ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា សុខភាពសិស្សានុសិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀនឲ្យបានជាប់ជាប្រចាំ ជាពិសេសចំពោះកុមារតូចៗដែលនៅកម្រិតមត្តេយ្យសិក្សានេះផ្ទាល់តែម្តង។
សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមាតាបិតា ត្រូវចូលរួមយកចិត្ត ទុកដាក់បណ្តុះទម្លាប់គោរពច្បាប់ដល់សិស្សានុសិស្ស និងកូនៗឲ្យបានជាប់ជាប្រចាំដូចជា ការពាក់មួកសុវត្ថិភាព សីលធម៌នៃ ការបើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ព្រោះថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ទាំងអ្នកអនុវត្តច្បាប់ សាលារៀន និងឪពុកម្តាយ គឺត្រូវចូលរួមចំណែកគ្នា។ សិស្សានុសិស្សត្រូវមាន ទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះបីប្រើ កង់ ម៉ូតូ ឬ កង់អាគុយក្តី ត្រូវតែបើកបរប្រកាន់ស្តាំ និងពាក់មួកការពារសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំ»។
សម្ដេចក៏ស្នើ ឲ្យយុវជន យុវនារី ជាសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អក្នុងសង្គម ដើម្បីក្លាយខ្លួន ជាទំពាំងស្នងឫស្សី និងត្រូវនៅឲ្យឆ្ងាយពីគ្រឿនញៀន ពីក្រុមក្មេងទំនើង និងពីល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងអំពើអបាយមុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម។
នាឱកាសនោះដែរ សម្តេចបញ្ជាក់ថា ការអប់រំកុមារសំដៅដល់ការផ្តល់នូវចំណេះដឹង និងតម្លៃ ដើម្បីជួយឲ្យពួកគេអភិវឌ្ឍន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីក្លាយជាមនុស្សពេញវ័យដែលមានសមត្ថភាព និងបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងសង្គម។ នេះរួមបញ្ចូលទាំងការបង្រៀនវិជ្ជាផ្សេងៗ ដូចជា គណិតវិទ្យា អក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ និងទំនាក់ទំនងសង្គម៕