ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ លោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យលោក ម៉េត មាសភក្តី ជាប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវ ជាសមាជិកមូលនិធិស៊ីក្លូ ចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹក ឱ្យលោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៥នាក់ បន្តទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗចំនួន២កម្លេ។

លោកម៉េត មាសភក្តី បានបន្ត ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះ ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺ ដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខ នឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំង ជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
លោកម៉េត មាសភក្តី ក្នុងឱកាសនោះដែរ ក៏បានជូនពរឱ្យបងប្អូនអ្នកធាក់ស៊ីក្លូ ទាំងអស់ មានសុខភាពល្អ ជៀសវាងនឹងជម្ងឺផ្សេងៗ តែបើមានជម្ងឺបងប្អូនក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះតែបងប្អូន ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺ ដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

ក្រោយទទួលបានអំណោយទាំងនេះ លោក ពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងលោកអ៊ុំ រស់ អ៊ាង ភេទ ប្រុស អាយុ៦៦ឆ្នាំ ទាំងពីរនាក់ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថមដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគនិងថវិកា នៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំនិងភ្ជុំបិណ្ឌជាដើម។

បន្ថែមពីនេះនៅបានផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលដែលអាចអោយពួកគាត់ទៅពិនិត្យ ក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យនានាថែមទៀត៕


