ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រគល់សត្វពង្រូលមួយក្បាល ជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីសត្វពង្រូលនេះបានលូនចូលផ្ទះ សម្ដេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេច ស ខេង បានឱ្យដឹងថា «នៅថ្ងៃនេះ ខ្ញុំបានប្រគល់សត្វពង្រូលមួយក្បាល ជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ សត្វពង្រូលអនាថាមួយក្បាលនេះ បានលូនចូលមកផ្ទះរបស់ខ្ញុំ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។

ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ សម្តេច ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាបញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ ហើយត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលយូរអង្វែង ពីជំនាន់បច្ចុប្បន្ន តទៅពេលអនាគត របស់ប្រទេសជាតិ៕


