បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីរាជការទាំងអស់នៃរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣០០នាក់។
លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កន្លងមក តាមរយៈការខិតខំអនុវត្តដោយ ជោគជ័យនូវអនុសាសន៍ទាំង ១០ចំណុច របស់ សម្តេចតេជោ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត បានកើនឡើងជាបន្តបន្ទាប់រួមទាំង អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត កាត់បន្ថយបន្ទុកចំណាយរបស់ បងប្អូនកម្មករនិយោជិត ដោយបានបង្កើត និងពង្រីកវិសាលភាពបេឡាជាតិ សន្តិសុខសង្គមជាបន្តបន្ទាប់ ហើយបានតម្រូវឱ្យ និយោជកជួយបង់ភាគទាន ជំនួសបងប្អូនកម្មករនិយោជិត ៥០% ក្នុងផ្នែកប្រាក់សោធន និង ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិត អាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានា ទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។ ដោយឡែក បងប្អូនកម្មករនិយោជិតជាស្ត្រី ទទួលបានការយកចិត្តទុកដាក់ និងគាំពារទាំងមុនពេលសម្រាល នៅពេលសម្រាល និងក្រោយពេលសម្រាលកូន។
លោករដ្ឋលេខាធិការ បញ្ជាក់ថា «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១» ក្រសួងបានរៀបចំ និងផ្ដួចផ្ដើមពង្រីកវេនសិក្សា ដែលមានច្រើនជម្រើស ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស ក៏ដូចជាកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាក្នុងប្រព័ន្ធ មានលទ្ធភាព ពេលវេលា និងឱកាសចូលរៀនក្នុងកម្មវិធីអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់ ៧វេនផ្សេងៗគ្នា។
លោកក៏បានស្នើ ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ បងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ជាពិសេស គឺជំរុញដល់យុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមកចុះឈ្មោះទទួលការបណ្តុះបណ្តាល ដើម្បីអាចមានជំនាញមួយពិតប្រាកដ សម្រាប់ការចិញ្ចឹមជីវិត និងក្រុមគ្រួសារទៅអនាគត៕