ព័ត៌មានជាតិ

ខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ Big Bike Meeting Elite Night នៅផាប់ស្ទ្រីត ដើម្បីទាក់ទាញភ្ញៀវទេសចរ

សៀមរាប ៖ ក្លឹបម៉ូតូ Friendly Bikers Cambodia និង Elite Event និងសមាគមទេសចរណ៍កម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ (Big Bike meeting Elite Night) ដែលមានម៉ូតូធំប្រមាណជា ១៥០គ្រឿង មកជួបជុំគ្នានៅផាប់ស្ទ្រីត ក្រុងសៀមរាប ដើម្បីចូលរួមជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍នេះ ទទួលបានការរគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ សក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ស្របពេលដែលក្រសួង ទេសចរណ៍ ខិតខំប្រឹងប្រែងជំរុញ និងបង្កើន គោលដៅទាក់ទាញទេសចរណ៍ទូទាំងប្រទេស ក៏ដូចជាខេត្តសៀមរាប ស្របតាមផែនការមេ (អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥) ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដូចជាការស្ថាបនាផ្លូវទាំង៣៨ខ្សែ និងកែលម្អសោភ័ណភាព ក្នុងក្រុង និងក្នុងតំបន់រមនីយដ្ឋានអង្គរ ការសាងសង់ព្រលានយន្តហោះថ្មី ការរៀបចំព្រឹត្តិការណ៍ នានា សម្រាប់ទាក់ទាញភ្ញៀវទេសចរ អភិវឌ្ឍ ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃ ពង្រីកទេសចរណ៍សហគមន៍ និងពង្រឹងការផ្តល់សេវាទេសចរណ៍ ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ។

ជាមួយគ្នានោះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ មានប្រសាសន៍លើកឡើងថា ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ នូវកម្មវិធីនយោបាយ ជាច្រើនចំណុចទៅតាមវិស័យ ក្នុងនោះទាក់ទងនឹងវិស័យ ទេសចរណ៍ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវចំណុចជាច្រើនដូចជា ជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិដែលត្រូវបានចាត់ទុកជា “មាសបៃតង” ។

បន្ថែមពីនេះ លោក បានលើកពីកិច្ចខិតខំបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជា ផ្លូវ ទឹកស្អាត អគ្គិសនី ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ ឱ្យបានល្អប្រសើរ និងពង្រឹងសមត្ថភាព សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ ប្រសិទ្ធភាព អភិបាលកិច្ច និង ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបន្តជំរុញ សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងលំហូរទេសចរអន្តរជាតិ ក្នុងការទស្សនាប្រទេស កម្ពុជា និងបន្តពង្រីកការអភិវឌ្ឍ ទេសចរណ៍នៅ តាមគោលដៅនានាដូចជា សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងកសិទេសចរណ៍ ក្រោមកិច្ចសហការជាមួយនឹងអន្តរស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យបានល្អប្រសើរ ៕

To Top