ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ យើងទាំងអស់គ្នា ត្រូវធ្វើការធ្ងន់ ដើម្បីការពារពលរដ្ឋយើង កុំឲ្យរងការបំពុល ដោយព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមកម្ពុជាកំពុងរងការបំពុលយ៉ាងខ្លាំង ដោយសារព័ត៌មាន ក្លែងក្លាយ ដែលបង្កើតឡើង ដោយក្រុមប្រឆាំងជ្រុលនិយម និងឧបករណ៍ឃោសនា នយោបាយរបស់ពួកគេ ដូច្នេះក្នុងនាម ជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំង កាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គម និងប្រជាពលរដ្ឋកុំឲ្យរងការបំពុល ដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ ។

ក្នុងឱកាសចូលរួមជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ នៃរដ្ឋបាល ខេត្តពោធិ៍សាត់ នៅថ្ងៃ១៧ កក្កដា អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា មានប្រជាពលរដ្ឋខ្មែរ ជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញ ជាដើម បានឆក់យកឱកាស នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើប ដើម្បីផលប្រយោជន៍ នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗ ពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការ វិនិយោគជាដើម។ ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ ដែលមានមនុស្សមួយក្រុម បែរជាងប់ងល់នឹង មនោគមន៍វិជ្ជា ប្រឆាំង ជ្រុលនិយម ហើយបានប្រើប្រាស់ បច្ចេកវិទ្យាទំនើបក្នុងផ្លូវខុស ដោយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីបំពុលសង្គម ទៅវិញ ។

លោក ប៉ែន បូណា គូសបញ្ជាក់ថា “ស្ថានភាពបែបនេះ ទាមទារឲ្យពួកយើងទាំងអស់គ្នា ត្រូវធ្វើការងារធ្ងន់ និងហត់នឿយយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសង្គមយើង និងប្រជាជនយើង ចេញពីគ្រោះថ្នាក់ នៃការបំពុលដោយសារព័ត៌មាន មិនពិតប្រឌិតក្លែងក្លាយទាំងនោះ។ ទោះយ៉ាងណាពួកយើងពេញចិត្តនឹងការងារនេះ ពីព្រោះជាការងារដ៏សំខាន់ដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានធ្វើដើម្បៅប្រជាពលរដ្ឋ”។

ជាមួយគ្នានោះ លោក ហៀម ឃួន អភិបាលរង និងជាអ្នកនាំពាក្យខេត្ត បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់ លោករដ្ឋមន្ត្រីប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចុះមកជួយបណ្តុះបណ្តាលមន្ត្រី ក្នុងខេត្តពោធិ៍សាត់ ក្រោមប្រធានបទដ៏មានសារៈសំខាន់ ស្តីពី «ប្រសិទ្ធភាពនៃការងារ ព័ត៌មាននិងនាំពាក្យ» ស្របពេលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលតម្រូវឱ្យស្ថាប័នរដ្ឋគ្រប់ថ្នាក់ និងគ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន ។

លោកបន្តថា ក្រុមការងារព័ត៌មាន និងនាំពាក្យខេត្តពោធិ៍សាត់ ដោយមានការចង្អុលបង្ហាញពី លោកអភិបាល បានធ្វើការងារយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មាន ពិតជូនដល់ប្រជាពលរដ្ឋ ។ បន្ថែមលើនេះ លោករំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានយល់កាន់តែច្បាស់ថែមទៀត អំពីការងារព័ត៌មាន និងនាំពាក្យ ដែលនឹងជួយជំរុញប្រសិទ្ធភាពនៃការងារ អនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរដ្ឋបាល សាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីឆ្ពោះទៅសម្រេច បាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

To Top