កំពង់ស្ពឺ ៖ អ្នកវិនិយោគ មកពីខេត្តជឺជាង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា៥០នាក់ និងជាច្រើនក្រុមហ៊ុន បានជួបពិភាក្សាជាមួយ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់បន្ថែម ពីឱកាសការងារបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ នារសៀលថ្ងៃទី១៧ កក្កដា ។
ក្នុងជំនួបនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានអរគុណចំពោះក្រុមហ៊ុន វិនិយោគជនជាតិចិន មកពីបណ្តាក្រុមហ៊ុនធំៗ នៃខេត្តជឺជាង ដឹកនាំដោយលោកឧកញ៉ា ជឹម ឃាង ដែលមានគោលបំណងចុះសិក្សាស្វែង យល់ពីសក្តានុពលលើទឹកដីខេត្តកំពង់ស្ពឺលើវិស័យកសិកម្ម ឧស្សាហកម្ម និងរ៉ែថាមពល ។
លោកឧកញ៉ា ជឹម ឃាង បានលើកឡើងថា ដោយមើលឃើញពីកត្តា សុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អ្នកវិនិយោគទាំងអស់ ដែលមកពីបណ្តាក្រុមហ៊ុន នៃខេត្តជឺជាង បានផ្តោតការចាប់អារម្មណ៍ខ្លាំង ដោយក្នុងនោះ បានយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅ ។
លោកឧកញ៉ាបញ្ជាក់ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ ដោយមើលឃើញ ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងភាពអំណោយផល នៃភូមិសាស្ត្រ ពិសេសកម្ពុជា មានវិស័យគមនាគមន៍ដ៏ល្អ ដែលបានផ្តល់ភាពងាយស្រួល ដល់ការដឹកនាំកសិផល ផលិតផលទៅកាន់កំពង់ផែ ទើបអ្នកវិនិយោគរបស់ចិនចុះមកសិក្សា ស្វែងយល់ពីវិស័យអាទិភាពទាំងអស់ខាងលើ ហើយជាមួយនោះ អ្នកវិនិយោគក៏សុំឲ្យរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមនូវកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើដល់ដំណើរការនេះដែរ។
ជាមួយនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឲ្យដឹងទៀតថា សម្រាប់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រសហគ្រាសប្រមាណជាង៤០០កន្លែង និងមានកម្មករ និយោជិតជាង១៦ម៉ឺននាក់ធ្វើការ ។ ក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរ សព្វថ្ងៃទាំងជាង៤០០កន្លែងនេះ គឺអ្នកវិនិយោគចិនស្រូបទាញជាងដល់ទៅ៩០% ហើយមិនត្រឹមតែរោងចក្រ សហគ្រាសវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងនោះទេ វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម ក៏មានចំណែកអ្នកវិនិយោគ មកពីប្រទេសចិនផងដែរ។
ទន្ទឹមនោះដែរ ថ្វីត្បិតខេត្តនេះ មិនអាចសរុបទំហំនៃការងារ និងការវិនិយោគ របស់អ្នកវិនិយោគ ដោយសារតែការប្រើពេលវេលា តែរដ្ឋបាលខេត្តកំពង់ស្ពឺ រំពឹងទុកថា នៅឆ្នាំ២០២៤ អ្នកវិនិយោគចិននៅតែខ្លាំង ជាងបណ្តាអ្នកវិនិយោគ នៃប្រទេសផ្សេងៗ ជុំវិញពិភពលោកសម្រាប់មកដាក់វិនិយោគទុននៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ ៕