ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀង លើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតង តាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេ សម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើ ចំនួន ៥តំបន់។

ស្ថានីយនេះ មានលក្ខណៈបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។

លោកស្រី Alissa បានបញ្ជាក់ថា ក្នុងនាម UNDP គឺសាទរ ចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ១លានដើម របស់លោករដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើន នូវគម្របព្រៃឈើឲ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ លើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាលនិងក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែង សម្រេចឲ្យបាននូវឆន្ទៈ នយោបាយរបស់កម្ពុជា និងការបង្កើតស្ថាន័យ បណ្តុះកូនឈើ ការដាំកូនឈើ និង ស្តារព្រៃឈើឡើងវិញ ដែលនេះគឺជាយុទ្ធសាស្រ្តមួយដ៏ សំខាន់សម្រាប់ធានា ដល់ការការពារ ជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយ ផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្នុង និងក្បែរតំបន់ការពារ ធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើ និងសកម្មភាពអភិវឌ្ឍន៍ ប្រកបដោយចីរភាព ៕



