កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ឱ្យបន្តចូលរួមកសាងសមិទ្ធផលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកអភិបាលខេត្ត បានលើកឡើង នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម ប្រចាំឆមាសទី ១ ឆ្នាំ ២០២៤ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

បន្ទាប់ពីបានស្ដាប់អំពី សកម្មភាពការងារនិងសមិទ្ធផល របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក្នុងឆមាសទី១ ឆ្នាំ ២០២៤ កន្លងទៅនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិកា នៃសមាគមទាំងអស់ ដែលបានខិតខំប្រឹងប្រែង សហការសាមគ្គីគ្នា លះបង់កម្លាំងកាយចិត្ត ទាំងធនធាន និងប្រាជ្ញាស្មារតី ចូលរួមសកម្មភាព បម្រើប្រជាពលរដ្ឋ តាមការណែនាំរបស់រាជរដ្ឋាភិបាល បានល្អប្រសើរប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជួយសម្រួលទុក្ខលំបាកស្ត្រី ក្មេងស្រី និងជនងាយរងគ្រោះក្នុងខេត្តកំពង់ចាមរបស់យើង។

លោកអភិបាលខេត្ត បានយកឱកាសនោះ លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ និងសមាជិកសមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ពង្រឹង និងថែរក្សាស្មារតីសាមគ្គីភាពឲ្យបានរឹងមាំ និងបន្តអនុវត្តបង្កើនសមត្ថភាពផ្ទាល់ខ្លួន ទាំងផ្នែកជំនាញបច្ចេកទេស ឌីជីថល ដើម្បីជាផលប្រយោជន៍ និងឆ្លើយតបនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងក្មេងស្រី ។

ទន្ទឹមនឹងនេះ ត្រូវពង្រឹងកិច្ចសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈចលនាមហាជន សប្បុរសជន ដើម្បីដោះស្រាយបញ្ហានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
