ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានឲ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលការយកប្រាក់ជាថ្មី លើការថតរូបឬវីដេអូ នៅប្រាសាទអង្គរវត្ត បន្ទាប់ពីឃើញមានបញ្ហាចម្រូងចម្រាស រវាងមតិមហាជន ជាមួយអាជ្ញាធរជាតិអប្សរា ទាក់ទិននឹងការកំណត់តម្លៃ ដែលមហាជននៅតែលើកឡើងថា មានតម្លៃថ្លៃ ។
កាលពីថ្ងៃទី២ សីហា អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីសេចក្ដីសម្រេចកែសម្រួល លក្ខខណ្ឌតម្រូវថ្មីទៅនឹងសេវាកម្មថតវីដេអូ និងរូបភាព សន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ។
ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហាញតារាងសេវា និងតារាងតម្លៃសេវាពាក់ព័ន្ធថ្មី របស់ខ្លួនដោយបានចែងចែកចេញជា ៤ជម្រើស ដើម្បីឲ្យអ្នកមានបំណង ចង់ទៅថតអាចជ្រើសរើសបាន ហើយជម្រើស នីមួយៗ ក៏មានការកំណត់តម្លៃខុសៗគ្នាផងដែរ។ ដោយក្នុងតារាងតម្លៃនោះ បានបង្ហាញថា តម្លៃគឺទាបបំផុត ៣០ដុល្លារអាមេរិកក្នុង១ថ្ងៃ និងខ្ពស់ដល់៥ពាន់ដុល្លារ ដែលតម្លៃនេះ ធ្វើឲ្យមហាជនជាច្រើន មានការមិនពេញចិត្ត ក៏នាំគ្នារិះគន់ ។
ចំពោះករណីនេះ សម្តេចធិបតីក្នុងឱកាសជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនី នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ សីហា បានលើកឡើងពីបញ្ហានេះផងដែរ ដោយបានឲ្យអាជ្ញាធរជាតិអប្សរា បន្តសិក្សា ដើម្បីកែសម្រួលនូវតម្លៃនេះឡើងវិញ។
សម្តេចធិបតីមានប្រសាសន៍ថា “ឥឡូវខាងអប្សរានេះ កាត់បន្ថយច្រើនណាស់ រឿងថត Wedding ថតអីនេះ កាលមុនថា ទាល់តែសុំអី សួរហេតុផល គាត់មានហេតុផលការពាររបស់គាត់ ប៉ុន្តែក្បួនច្បាប់និងគោលការណ៍ នោះ តាំងពី៩០ជាងអនុវត្តចេញឆ្នាំ២០១៧ ចង់ឲ្យកែសម្រួលទៅ ឥឡូវនៅរឿងតម្លៃអីម៉េចឲ្យពិនិត្យឡើងវិញ” ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីថា “ឲ្យវាស្រួល ស្រួលទាំងភ្ញៀវទេសចរ ស្រួលទាំងមន្ត្រីអប្សរា ព្រោះគាត់ក៏លំបាកដែរ ។ គោលការណ៍ច្រើនគាត់ត្រូវតឹង ព្រោះការពារប្រាសាទអង្គរវត្ត ការពារប្រាសាទយើង មិនមែនការពារតែថ្មទេ កុំឲ្យគេលួចកាត់ទេ តែការពារតម្លៃ (តម្លៃវប្បធម៌ និងទំនៀមទម្លាប់)” ៕