ព័ត៌មានជាតិ

រដ្ឋសភា បញ្ជូនគម្រោងចំណាយថវិកាសភា ឆ្នាំ២០២៥ ទៅរាជរដ្ឋាភិបាល

ភ្នំពេញ៖ រដ្ឋសភាបានបញ្ជូនគម្រោង ចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ ទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចបញ្ចូល ទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

ការបញ្ជូនគម្រោងការចំណាយថវិការ ក្នុងឆ្នាំ២០២៥នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកនៅថ្ងៃទី២១ សីហា ។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ សីហា បានអញ្ជើញដឹកនាំកិច្ចប្រជុំ
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យ​ និងសម្រេចលើរបៀបវារៈសំខាន់ៗ មួយចំនួនដូចជា៖ គម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាល ពិនិត្យសម្រេចបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

សំណើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាកម្ពុជា ដោយប្រគល់ភារកិច្ចជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប សម្រាប់អាណត្តិទី៣ ជំនួស លោក អ៉ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែល ត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងប្រកាស ជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ៕

To Top