ព័ត៌មានជាតិ

សម្ដេចធិបតី ៖ មួយឆ្នាំនេះ រាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព និងសេចក្ដីសុខជូនពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល មួយឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី បានថែរក្សាការពារយ៉ាងមុតមាំ នៃសុខសន្តិភាព និងស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញ ជាអធិបតីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្ដិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការទទួលបានវត្ថុបុរាណខ្មែរមកវិញពេលនេះ គឺជាជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឲ្យ កូនចៅខ្មែរជំនាន់ បន្ទាប់ពីកម្ពុជាបានចេញផុត ពីភ្លើងសង្គ្រាម ហើយមានសុខសន្តិភាពពេញលេញ។

សម្ដេចធិបតី បន្ដថា សុខសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនខ្មែរ ហើយថ្ងៃនេះ ក៏ជាខួបមួយឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាល៧ ។

សម្ដេចធិបតី បានថ្លែងថា «តើរូបបដិមាទាំងនេះ ហេតុអី្វបានចេញពីស្រុកខ្មែរ? ដោយសារយើងបែកបាក់ ប្រសិនជាយើងសុខសន្ដិភាព ចោរមិនអាចលួច ទៅបានរូបប៉ុណ្ណឹងៗ។ខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាល ដែលថា យើងអាចថែរក្សាបានស្ថិរភាព នូវសន្ដិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ នៅថ្ងៃនេះ យើងអាចប្រារព្ធពិធីនេះបាន ដោយទូទាំងប្រទេស មិនមានភ្លើងសង្គ្រាម មិនមានការបែកបាក់»។

សូមរំលឹកថា ក្នុងសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើសកម្មភាពជាច្រើន ហើយសកម្មភាពសំខាន់ៗ នោះ គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ ដែលគិតត្រឹមក្នុងរយៈពេល១ឆ្នាំមកនេះ មានចំនួន១៥២លើក ដែលស្ទើរតែស្មើនឹង៥០% នៃសកម្មភាពពេញមួយឆ្នាំនេះ។ ក្រៅពីនេះ សម្តេចធិបតី បានជួយជាមួយភ្ញៀវបរទេស ១២៩លើក ប្រជុំគណៈរដ្ឋមន្រ្តី ៩លើក និង សកម្មភាពការងារជាច្រើនទៀត ដែលសម្តេចធិបតី បានដោះស្រាយ៕

To Top