ភ្នំពេញ៖ ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ លោក សយ សុភាព បានអះអាងថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិន អ្វីៗឥណ្ឌូចិននោះ ពាក្យថា«ឥណ្ឌូចិន» បានងាប់បាត់ទៅហើយ ។
តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានសម្ដែងការថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះការចូលរួមថវិកា ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយផ្លូវក្រវាត់ព្រំដែន។
លោក សយ សុភាព បញ្ជាក់ថា៖ “គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិន អ្វីៗឥណ្ឌូចិននោះ។ វាងាប់បាត់ទៅហើយ។ សូមអានរដ្ឋធម្មនុញនៃកម្ពុជា ២៤ តុលា ១៩៩៣។ មានតែការអភិវឌ្ឃន៏តំបន់ត្រីកោណនៃប្រទេសកម្ពុជា និងសហការតែប៉ុណ្ណោះ។ ពាក្យថា«ឥណ្ឌូចិន» ខ្មែរខ្លាចហើយព្រោះប្រវត្តិសាស្ត្រ គឺវៀតណាមជាអ្នកបង្កើតចង់ត្រួតខ្មែរ «៣០ មិនា ១៩៣០»និងឡាវ។ តែផែនការនេះបានបញ្ចប់អនុត្តរភាព ហើយនៅថ្ងៃ «២៩ ធ្នូ ១៩៩៨» ក្រោមទស្សនៈវិជ្ជា «នយោបាយ ឈ្នះ ឈ្នះ» របស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន និង បានក្លាយទៅជាបុណ្យជាតិ របស់កម្ពុជាថែមទៀតផង កាលពីឆ្នាំ២០២៣”។
លោក សយ សុភាព គូសរំលេចថា អនាគតប្រសិនបើអ្នកនយោបាយប្រឆាំង យល់ព្រមទទួលស្គាល់នោះអ្វីៗ ខ្មែរនិយាយរកគ្នាបានគ្រប់ពេល និងអាចលើកជំហររួមគ្នាដោះស្រាយបញ្ហាធំៗ ចំពោះជាតិ ប្រជារាស្ត្រ៕