ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣ ខែកញ្ញា នេះ ឱ្យដឹងថា «ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹង ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធសំដៅ លើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាព រស់នៅកាន់តែប្រសើរ»។
ប្រភពដដែលបន្តថា៖«ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅខេត្តស្ទឹងត្រែង ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង ស្ថាប័ន មន្ទីរ អាជ្ញាធរ ដែនដី ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល សិស្ស ប្រមាណ ១៦០០នាក់»៕