ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភ នៃស្ថិរភាពសេដ្ឋកិច្ច។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងពិធិបើក ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ។
ពិធីបើកពិព័រណ៍ នាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករ ពីថ្នាក់ដឹកនាំធំៗ របស់សាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនជាន់ខ្ពស់ នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។
ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញអំពីសារៈសំខាន់ នៃកម្លាំងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព ។
កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី ជឿជាក់ថា តាមរយៈការវិនិយោគ កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពាសពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីកចម្រើន នៃធុរកិច្ចឧស្សាហកម្មដើម្បីកំណើន សេដ្ឋកិច្ចជាតិ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយសម្រួល ដល់ការរស់នៅផងដែរ។ ជាងនេះទៅទៀត តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាចបង្កើតការងារ ការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើនចំណងនៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ នានានៅលើសកលលោក ។
ជាថ្មីម្ដងទៀតតាមរយៈពិព័រណ៍ អន្តរជាតិ CIFIT នេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មី នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព ៕