ភ្នំពេញ៖ គណៈប្រតិភូក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជាដូចជាស្រូវអង្ករដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
ការបង្ហាញចំណាប់អារម្មណ៍របស់ប្រតិភូចិន ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៩ កញ្ញា ។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានស្វាគមន៍គណៈប្រតិភូចិន និងពិនិត្យលទ្ធភាពនូវអ្វីដែលអាចធ្វើបានជាមួយគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន។ ជាពិសេស កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៃប្រទេសទាំងពីរ ជាកិច្ចសហប្រតិបត្តិការគំរូដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយជួយអោយវិស័យកសិកម្មមានភាពល្អប្រសើរឡើង តាមរយៈច្រករបៀងមច្ឆា និងអង្ករ។
លោករដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការអភិវឌ្ឍខេត្តហឺណានដែលពោរពេញទៅដោយបច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ជាមួយនឹងធនធានមនុស្សក្នុងវិស័យកសិកម្ម ព្រមទាំងធនធានហរិញ្ញវត្ថុ ដែលនេះជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ឲ្យមានភាពល្អប្រសើរ។ លើសពីនេះ លោកបានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់កម្ពុជា ដែលមានសក្តានុពលមួយចំនួនទៀតដូចជា ស្វាយ ស្វាយចន្ទី មៀន និងម៉្សៅមីជាដើម ដែលកម្ពុជាមានភាពរឹងមាំនូវផ្នែកដាំដុះ ដែលត្រូវការការវិនិយោគ លើការកែច្នៃ វេចខ្ចប់ និងភស្តុភារកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ជំរុញខ្សែច្រវ៉ាក់តម្លៃឱ្យបានខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះដែរ លោកក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម គឺសហគមន៍កសិកម្មទំនើប ដែលភាគីចិនអាចពិនិត្យលទ្ធភាព ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមគាំទ្រ ដែលសហគមន៍ទំនើបនេះអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតផលគុណភាពល្អ និងមានតម្លៃបន្ថែមខ្ពស់។
សូមជម្រាបជូនថា ជំនួបនេះមានគោលបំណងពិភាក្សាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដំណាំស្រូវ ការ សាងសង់ឃ្លាំងស្តុកស្រូវ ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអនុវត្តកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មដំណាំស្រូវ តាមរយៈផែនការគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ខេត្តហឺណានលើវិស័យដំណាំស្រូវ៕