ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា អាស៊ាន អាចរក្សាសាមគ្គីភាពផ្ទៃក្នុង បានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់ ២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា។
ថ្លែងក្នុង វេទិកាចំណេះដឹងពិភពលោក លើកទី ២៥ នៅសាធារណរដ្ឋកូរ៉េនា រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថា ក្នុងរយៈពេល ៦០ ឆ្នាំមកនេះ អាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើន ចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់ នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ាន ដែលមានឥទ្ធិពលប្រមូលផ្តុំ គ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែងកន្លងមកនេះ មានប្រទេស ៥៤ ប្រទេសហើយ ដែលបានក្លាយទៅជា ភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានស្ថានទូតប្រចាំនៅតំបន់អាស៊ាន រហូតដល់៩៥ប្រទេសផងដែរ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានសម្លឹងឃើញ អាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុង ប្រទេសផងគ្នា និងជាស្ថាប័នតំបន់ ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំង សម្រាប់នយោបាយការទូតរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋាន សម្រាប់អ្វីៗទំាងអស់ និងគ្រប់យ៉ាង ហើយសម្រាប់ផ្ទៃក្នុងអាស៊ាន គឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុង បានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់ ២ គឺការសម្រេចដោយកូសង់ស៊ីស និង ការមិនជ្រៀតជ្រែកប្រទេសផងគ្នា ហើយមួយវិញទៀតប្រទេសនីមួយៗ សុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញ ក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាដើម៕
