ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាបញ្ហាបរិស្ថាន គឺជាការប្រឈមរួមដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ។
ការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាត ឱ្យគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គលើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។


ក្នុងឱកាសនេះ សម្ដេចធិបតី បានអរគុណធនាគារ ADB ដែលបានជួយគាំទ្រដល់ប្រទេស GMS និងកម្ពុជា និងបានសម្របសម្រួល ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន និងចីរភាព ព្រមទាំងគូសបញ្ជាក់ថា បញ្ហាបរិស្ថាន គឺជាការប្រឈមរួម ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។



ជាមួយគ្នានេះ សម្ដេចធិបតី បានលើកឡើងអំពីគោលនយោបាយអាទិភាព និងគំនិតផ្តួចផ្តើមជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារបរិស្ថានប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ដែលមានដូចជា គោលនយោបាយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ យុទ្ធនាការដាំដើមឈើ ១លានដើមក្នុងមួយឆ្នាំការបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណថ្មី ដល់រោងចក្រផលិតថាមពលដើរដោយធ្យូងថ្ម និងការដាក់ចេញនូវគោលនយោបាយ ជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាដើម។

ជាមួយគ្នានេះ លោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ ចំនួនពីរលើក និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ GMS EMM-6 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។
លោកស្រី Fitima Yasmin បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងមានភាពធន់នឹងអាកាសធាតុ ដែលតាមរយៈគំនិតផ្តួចផ្តើមទាំងនោះ លោកស្រីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ខាងមុខ។
លោកស្រី ក៏បានគូសបញ្ជាក់បន្ថែមថា ធនាគារ ADB នឹងបន្តគាំទ្រ និងចូលរួមយ៉ាងសកម្ម ជាមួយបណ្ដាប្រទេស GMS រួមទាំងកម្ពុជា ដើម្បីរួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាចីរភាពបរិស្ថាន៕
