ព័ត៌មានជាតិ

មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើទស្សនកិច្ចស្វែងយល់ ពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការនិងថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ១៤៥នាក់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចស្វែងយល់ ពីការបោះបង្គោលព្រំដែន ដែលចាប់ពីច្រកជ័យឃ្លាំងស្រុកស្នួល ខេត្តក្រចេះ ដល់ច្រកឡាប៉ាឃេ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

កម្មវិធីទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទើបមន្ត្រីរាជការរួមទាំងថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទមានឱកាស ក្នុងការមើលដោយផ្ទាល់ពីការបោះបង្គោលព្រំដែន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមបណ្តោយព្រំដែន ក្រោមការដឹកនាំដោយលោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ទស្សនកិច្ចនេះ ក៏មានការសម្របសម្រួល ធ្វើបទបង្ហាញដោយ ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មអគ្គបញ្ជាការផងដែរ។ នាឱកាសនៃដំណើរទស្សនកិច្ចនោះផងដែរប្រតិភូក្រសួង បានទទួលស្តាប់នៅបទឧទ្ទេស នាមឧត្តមសេនីយ៍ត្រី សុង សុមនា ស្នងការ នៃស្នងការដ្ឋានប្រតិបត្តិការវិស្វកម្ម អំពីការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមបណ្តោយក្រវ៉ាត់ព្រំដែន និងបទបង្ហាញស្តីអំពីលក្ខណបច្ចេកទេស និងដំណើរការនៃការបោះបង្គោលព្រំដែនដោយឯកឧត្តម ខុម ពុនណាបាន អគ្គនាយកបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ដំណើរទស្សនកិច្ចនាពេលនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បានស្គាល់កាន់តែច្បាស់ និងមិនមានភាពស្រពិចស្រពិល អំពីការរៀបចំបោះបង្គោលព្រំដែន និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន។

មួយវិញទៀត សមាជិក សមាជិកា ទាំងអស់ក៏បានឃើញ អំពីការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តាខេត្តនានា នៅភូមិភាគឦសាន និងមានការរំភើប សប្បាយរីករាយ ប្រកបដោយការជឿជាក់ខ្ពស់ លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា៕

To Top