ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន គាំទ្រកិច្ចប្រតិបត្តិការសហការ និងការវិនិយោគប្រយុទ្ធប្រឆាំង នឹងបញ្ហាបំពុលដោយប្លាស្ទិក

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថា បានស្វាគមន៍ និងគាំទ្រដៃគូសហការនានា និងវិស័យឯកជន ដែលមានបំណងធ្វើការ វិនិយោគចូលរួមប្រយុទ្ធប្រឆាំង នឹងបញ្ហាបំពុលដោយប្លាស្ទិក និង ចូលរួមឱ្យកម្ពុជាស្អាត ។

ការលើកឡើងរបស់ លោកបណ្ឌិតនេះ ក្នុងឱកាសទទួល ជួបលោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្ម ដេហាន របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី៩ តុលា ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា «សំណល់ប្លាស្ទិក ជាសត្រូវទី១ របស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យកម្ពុជា ត្រូវបានបំពុល ដោយប្លាស្ទិកទេ ។ យើងត្រូវចូលរួមសាមគ្គីគ្នាកាត់បន្ថយការប្រើប្រាស់ និងលប់បំបាត់បញ្ហាប្លាស្ទិក ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ និងដើម្បីកម្ពុជាស្អាត» ។

លោករដ្ឋមន្រ្តីបន្ថែមថា ការប្រយុទ្ធប្រឆាំង នឹងសំរាម សំណល់ប្លាស្ទិក ជាសកម្មភាពជាអាទិភាព មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ភាពស្អាតនៅក្នុង «យុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន» ត្រូវបានក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំនឹងមិនប្រើថង់ប្លាស្ទិក» ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥ លាននាក់ និង យុទ្ធនាការ «កម្ពុជា ស្អាត ខ្មែរធ្វើបាន» ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ តទៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២,៥ លាននាក់។

លោកថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងអ្នកភូមិនៅតាមភូមិនីមួយៗ ឃុំ ស្រុក និងខេត្តទាំងអស់គ្នា ក្នុងការសម្អាត និងប្រមូលសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈឱ្យប្រមូល ការគ្រប់គ្រង និងការចោលសំរាម ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ ខាងមុខ ក្រសួងនឹងផ្តល់ធុងសំរាម ដល់សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងកាកសំណល់ ប្លាស្ទិក និងចាត់វិធានការឆ្ពោះ ទៅរកការកាត់បន្ថយកាកសំណល់ នាពេលអនាគត និងដំណើរការអភិវឌ្ឍរបស់កម្ពុជា មាននិរន្តរភាពយូរអង្វែងតទៅ។

នាឱកាសនោះ លោក Kim Sangyoung ប្រធានក្រុមហ៊ុន សាជីវកម្មដេហាន របស់កូរ៉េ បានបង្ហាញពីបំណងសិក្សា បង្កើតរោងចក្រកែច្នៃ សំរាមសំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់នៅកម្ពុជា ។ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ ការដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិករបស់ក្រសួងបរិស្ថាននាពេលកន្លងមក ដោយបាន ដោះស្រាយបញ្ហាប្លាស្ទិក នៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុងបង្កើតទំនាក់ទំនងជាមួយបណ្តា ដៃគូរដ្ឋាភិបាល និងឯកជនផ្សេងៗ ដើម្បីជួកែច្នៃកាកសំណល់ប្លាស្ទិក ហើយថែមទាំងទទួលបានផលិតផល ប្រើប្រាស់ដែលមានគុណភាព សម្រាប់ប្រើឡើងវិញម្តងទៀត៕

To Top