ព័ត៌មានជាតិ

សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា នឹងរៀបចំការបោះឆ្នោត ប្រចាំឆ្នាំពីថ្ងៃ១២-១៥ តុលា

រូបថត: JCI Cambodia

ភ្នំពេញ ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា នឹងរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ បូករួមទាំងកម្មវិធីបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ។ កម្មវិធីដ៏អស្ចារ្យ ប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅ នាពេលខាងមុខ រយៈពេល៣ថ្ងៃ ជាប់ពី ថ្ងៃទី១២ ដល់ ១៥ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានបោះតង់ នៃឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ។
 
កម្មវិធីការបោះឆ្នោតប្រចាំឆ្នាំ មានគោលបំណង ដើម្បីបោះឆ្នោតផ្តល់សេចក្តីទំនុកចិត្ត ជ្រើសរើសក្រុមប្រឹក្សាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ សម្រាប់អាណត្តិថ្មីនាឆ្នាំ២០២៥ ។

គួរបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាសភា ដែលមានរចនាសម្ព័ន្ធផ្តល់ទំនុកចិត្ត ដល់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងតំបន់ បញ្ចេញសមត្ថភាពជាអ្នកដឹកនាំក្នុងមួយឆ្នាំ តាមរយៈការចូលរួមជាមួយគ្នាពិភាក្សា អំពីបញ្ហាដែលកើតមាននៅក្នុងសង្គម និងប្រជុំស្វែងរកដំណោះស្រាយ ឬវិធីសាស្ត្រសម្រួលដ ល់បញ្ហាទាំងឡាយដើម្បីកាត់បន្ថយបញ្ហា ដែលមាននៅក្នុងសង្គមជាតិ ។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួម ជាពិសេសពីគ្រប់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ថ្នាក់តំបន់ រួមទាំងសមាជិក សាមាជិកាទាំងអស់គ្នា។

ទន្ទឹមគ្នានេះដែរ កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំលើកទី៩ ក៏បានវិលត្រឡប់មកវិញដែរ ក្រោមប្រធានបទ “១ជំហាន កំណត់ត្រា១“។ កម្មវិធីបណ្តុះបណ្តាលភាព ជាអ្នកដឹកនាំមានគោលបំណង បង្វឹកក៏ដូចជា ពង្រឹងសមត្ថភាពដឹកនាំ នៃយុវជនជំនាន់ក្រោយ ដោយលើកយក កម្មវិធីបណ្តុះបណ្តាលជាច្រើន ជាគន្លឺះសំខាន់មកចែករំលែក ជូនអ្នកចូលរួមទាំងអសស់គ្នា ។ កម្មវិធីបណ្តុះបណ្តាលរួមមាន ៖ ការធ្វើការងារជាក្រុម, ការយល់ដឹងអំពីពិធីការ, ជំនាញនិយាយជាទីសាធារណៈ, ការគ្រប់គ្រងអារម្មណ៍ផ្លូវចិត្ត និងភាពជាអ្នកដឹកនាំ, ការគ្រប់គ្រងគម្រោង, ការប្រាស្រ័យទំនាក់ទំនង, ការរៀបចំផែនការយុទ្ធសាស្ត្រ ព្រមទាំងដំណើរសមាជិក នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលទាំងនេះសុទ្ធតែជាមេរៀន ដែលជួយពង្រឹងជំនាញទន់ និងជំនាញរឹងរបស់អ្នកចូលរួមដើម្បីយកទៅអនុវត្តនៅក្នុងកន្លែងការងារ ក៏ដូចជាការចូលរួមចំណែកការងារសង្គម និងគ្រួសារផ្ទាល់ ។

កម្មវិធីបណ្តុះបណ្តាល នឹង មានវត្តមានគ្រូបង្វឹកជាច្រើន ចូលរួមចែករំលែក តាមរយៈវិជ្ជាជីវៈរាងៗខ្លួន ដែលគ្រូបង្វឹកទាំងអស់គឺ ជាសមាជិកនៃសភា យុវពាណិជ្ជករ អន្តរជាតិកម្ពុជា និងជាអ្នកដឹកនាំដែលជាគម្រូដល់យុវជនជំនាន់ក្រោយ ទាំងអស់គួររៀនសូត្រតាម។

លើសពីនេះទៀត សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា លើកតម្កើនយ៉ាងខ្ពស់ ឲ្យសមាជិក សមាជិកា ព្រមទាំងសាធារណជន ទាំងឡាយចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មី ព្រមទាំងកសាងអនុស្សាវរីយ៍ល្អៗ ជាមួយអ្នកចូលរួមទាំងអស់គ្នា៕
 

To Top