ស្វាយរៀង៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យវាយតម្លៃគម្រោងថែទាំខួបឆ្នាំ២០២៤ ផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួស ចំនួន ០២ខ្សែ ប្រវែងសរុប ១៦ ៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង។
![](https://dap-news.com/wp-content/uploads/2024/11/1021-1024x682.jpg)
ក្នុងនោះខ្សែទី១ ផ្លូវក្រាលខ្សាច់ភ្នំ ប្រវែង ១២ ០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំស្វាយជ្រំ ឃុំស្វាយយា ស្រុកស្វាយជ្រំ និងខ្សែទី២ ផ្លូវក្រាលល្បាយក្រួស ប្រវែង ៤ ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំម្រាម ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។
![](https://dap-news.com/wp-content/uploads/2024/11/1025-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/11/1024-1024x768.jpg)
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។
![](https://dap-news.com/wp-content/uploads/2024/11/1026-1024x768.jpg)
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋលេខាធិការបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាមួយផង។
![](https://dap-news.com/wp-content/uploads/2024/11/1020-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/11/1022-1024x682.jpg)
សូមជម្រាបជូនថា ខ្សែផ្លូវជនបទាំងពីរនេះនឹងជួយសម្រួលដល់ប្រជាពលរដ្ឋ និងប្រជាកសិករអាចធ្វើដំណើរមកទទួលសេវានានាបានងាយស្រួល ការដឹកជញ្ជូនកសិផលមកកាន់ទៅរួមខេត្ត ដោយចំណេញពេលវេលា និងកាត់បន្ថយចំណាយថ្លៃដើម។ តាមរយៈផ្លូវល្អងាយស្រួលធ្វើដំណើរ នាំឱ្យប្រជាពលរដ្ឋចំណេញពេលធ្វើដំណើរទៅធ្វើការនៅតាមរោងចក្រ និងសហគ្រាសនានាក្នុងខេត្តស្វាយរៀងផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)