ព័ត៌មានជាតិ

បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់កម្ពុជា សម្រាប់សកលលោក

សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកានេះ បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរសម ខណៈលោក អនុប្រធាន លើកឡើងថា កម្ពុជា សម្រេចបានជោគជ័យលើការងារបោសសម្អាតមីន ហើយបទពិសោធន៍នេះ គឺជាគុណតម្លៃរបស់កម្ពុជា សម្រាប់សកលលោក។

ក្នុងឱកាសនៃជំនួប លោក អនុប្រធានគណៈកម្មាធិការ បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាឱកាសនេះ។

លោក អនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកាកបាទក្រហមអន្តរជាតិ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។ លោក អនុប្រធាន ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។

លោក អនុប្រធាន បានសង្កត់ធ្ងន់ថា «កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើនលើការបោសសម្អាតមីន ហើយបទពិសោធន៍ជោគជ័យនេះ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក»។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកអនុប្រធានគណៈកម្មាធិការ ICRC និងគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមកិច្ចប្រជុំកំពូលនាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាមានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានានៅលើសកលលោក។

សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូសបញ្ជាក់ថា នៅពេលប្រទេសមួយអវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការអភិវឌ្ឍ និងរីកចម្រើនឡើយ។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សានូវសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕

To Top