ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថា ជារបាយការណ៍ដដែលៗ គ្មានតម្លៃ និងមិនអាចយកធ្វើជាធាតុចូល ជាមួយបាននោះទេ ។
ការឆ្លើយតបពីសំណាក់លោក ប៉ែន បូណានេះ បន្ទាប់CCHR កាលពីថ្ងៃ២៦ វិច្ឆិកាបានចេញផ្សាយរបាយការណ៍ថ្មីមួយស្តីពី «ស្ថានភាពនៃសេរីភាពខាងការ បញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា» ក្នុងនោះ CCHR បានបង្ហាញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជានៅតែបន្តរងការវាយប្រហារ ក្នុងពេលការប្រើប្រព័ន្ធតុលាការ ដើម្បីជាផ្នែកមួយដែលបានបំភិតបំភ័យ និងរឹតត្បិតសេរីភាពជាមូលដ្ឋានទាំងនោះ។
លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៨ វិច្ឆិកាថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមកម្ពុជានោះទេ គ្រាន់តែចេញផ្សាយ ដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ។
ជារបាយការណ៍ដដែលៗដែលលោក ប៉ែន បូណាសំដៅដល់នោះ គឺ CCHRលើកយកតែរឿងចាស់មកផ្សាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដូចជាគេយករឿងដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មាន២-៣កន្លងមក និងអ្នកព័ត៌មានមានទោសប៉ុន្មាននាក់ ។ ចំណុច នេះលោកថា CCHR មិនបានធ្វើការសិក្សាស្រាវជ្រាវច្បាស់លាស់នោះទេ។ ដោយគេមិនព្រមសិក្សាថា តើការដកអាជ្ញាប័ណ្ណ និងប្តឹងផ្តល់នោះមានរឿងអ្វីខ្លះ? ។
លោកថា “របាយណ៍នេះគ្មានតម្លៃនឹងឲ្យយើងយកមក ពិចារណាធ្វើជាធាតុចូលអីបានទេ”។
លោកបញ្ជាក់ទៀតថា “ជារបាយការណ៍ដដែល ជារបៀបវារៈដដែលៗ ហើយដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ក្នុងសង្គម ។ ជារបាយការណ៍ខ្វះវិជ្ជាជីវៈ មានចេតនាដើម្បីចេញផ្សាយ ដាក់បន្ទុកធ្វើម៉េចឲ្យខូចមុខមាត់រាជរដ្ឋាភិបាល” ។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ផ្តាំទៅ CCHRថា បើចង់ចូលរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មាននៅកម្ពុជា ត្រូវធ្វើរបាយការណ៍មួយដែល មានតុល្យភាព ឆ្លុះបញ្ចាំងពីភាពពិតប្រាកដ និងស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ កុំធ្វើអ្វីដើម្បីការពារអ្នកខុសច្បាប់៕