ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)លោក សយ ច័ន្ទវិចិត្រ បានឲ្យដឹងថា ACU បានឃាត់ខ្លួនស្ត្រី២នាក់ ដែលពួកគាត់បានឃុបឃិតគ្នាយកលុយ៣០ម៉ឺនដុល្លារទៅលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឲ្យកូនចូលជាមន្រ្តីគយ ទៅតុលាការនៅព្រឹកថ្ងៃ២៩ វិច្ឆិកានេះ។
លោក សយ ច័ន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មុននេះបន្តិចថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា អង្គភាពប្រឆាំង អំពើពុករលួយបានបញ្ជូនសំណុំរឿង មួយមានជនសង្ស័យ២រូប ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ វិច្ឆិកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
លោកថា ស្រ្តីទាំង២នោះ ៖ ទី១) ឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាជីវករ និង២) ហ៊ើង ទិត្យរាត្រីលក្ខណ៍ ភេទស្រី អាជីវករ។
លោក សយ ច័ន្ទវិចិត្រ បានរៀបរាប់ថា អ្នកទាំង២នេះជាប់សង្ស័យពីបទប៉ុនប៉ងសូកប៉ាន់ ដើម្បីឲ្យបានចូលក្របខណ្ឌគយ (កូនរបស់ឈ្មោះ ឆាយ សុវណ្ណារី) រស់នៅខេត្តបាត់ដំបង ដោយបានចំណាយប្រាក់ចំនួន៣០ម៉ឺនសូកប៉ាន់ ។ ដោយឈ្មោះ ឆាយ សុវណ្ណារី បានសូកប្រាក់តាមរយៈ ឈ្មោះ ហ៊ើង ទិត្យរាត្រីលក្ខណ៍ ទៅឲ្យលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីស្វែងរកច្រកចូលគយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ វិច្ឆិកាតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមាន ៖ លោក លី សាម៉េត ហៅគ្រូមា , លោក មួង ឃីម , លោក ដួង តារា និងលោក អ៊ុត ធី ពីបទជំនួញ ឥទ្ធិពល សកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ៕