ព័ត៌មានជាតិ

សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៩ ចំនួន ២,៣២៨​នាក់ ទទួលសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិប៊ែលធី (BELTEI Senior HIGH SCHOOL DIPLOMA)

រូបភាព សាលាប៊ែលធី

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីប្រគល់​ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៩ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២,៣២៨នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២​ (ស្ពានអាកាសចោមចៅ) ក្រោម​អធិបតី ភាព​ដ៏ខ្ពង់ខ្ពស់ លោក​​បណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានី ភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី ​អន្តរជាតិ មាន ៣២សាខា​​ (២៨សាខា កំពុងដំណើរការ និង ៤សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ។

សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី​១២ ចូលរួមប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៤៣១នាក់ ​(ពីរពាន់បួនរយសាមសិបមួយនាក់) ក្នុងនោះ ជាប់ ២,៣២៨នាក់ (ពីរពាន់បីរយម្ភៃប្រាំបីនាក់) ស្មើនឹង ៩៥.៧៦% និងមានសិស្សនិទ្ទេស​​A ចំនួន ១៩០នាក់ ។ ចំពោះសិស្សដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុង វែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។​​

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀន សូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើន ផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម ៤.០។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,៣២៨នាក់ នាពេលនោះផងដែរ ៕

To Top