ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។
នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ីចូលជួបសម្ដែងការគួរសម នៅសៀមរាប-អង្គរនាថ្ងៃ១ ធ្នូ។
មុនមានការជួបពិភាក្សាគ្នានេះ សម្តេចបានអញ្ជើញចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្តដោយអ្នកចូលរួមចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស។
ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ក៏បានរួមចំណែកជួយលើកកម្ពស់ស្មារតីកីឡាដើម្បីសុខភាពល្អ និងទាក់ទាញភ្ញៀវទេសចរណ៍ គឺកីឡារស់ក្នុងសន្តិភាព។
ក្នុងឱកាសនៃជំនួប ប្រធានក្រុមហ៊ុនបានលើកឡើងថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនេះ ក្រុមហ៊ុនManulife បានចូលរួមឧបត្ថម្ភដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការគាំទ្រ និងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជា សម្រាប់រយៈពេលវែង។
ជាការឆ្លើយតប សម្ដេចបានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនាពេលកន្លងមក ហេីយឆ្នាំនេះ មានអ្នក ចូលរួមច្រើនកុះករជាង១៤,០០០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។
ទន្ទឹមនឹងនោះ សម្ដេចធិបតីបាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រ៉ងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការ និងក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា៕