ភ្នំពេញ ៖ ភាគីឡាវ បានសម្តែងនូវការយល់ចិត្តយល់ថ្លើម នៃការលំបាករបស់កម្ពុជា ពេលដែលកម្ពុជាសម្រេចដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ។

ការបង្ហាញអារម្មណ៍យល់ចិត្តយល់ថ្លើម របស់ភាគីឡាវនេះ ក្នុងឱកាសដែលលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានចូលជួបសម្ដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរនាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យ តាមគោលដៅយ៉ាងត្រចះត្រចង់។

ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គី លោក សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។
នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូន សម្តេចតេជោ ថាលោកពេញចិត្តជាខ្លាំង ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ តាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ លោកក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខ ដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។ លោកបានបង្ហាញក្តីសង្ឃឹមថា សម្តេចតេជោ នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការ រវាងនាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនយើងផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាផ្លែផ្កាដែលអាស៊ានសម្រេចបាន ដែលនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពអាស៊ាន និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន ក្នុងនាមជាប្រធានអាស៊ាន។ សម្តេចតេជោ ក៏បានជម្រាបជូននាយករដ្ឋមន្រ្តីឡាវថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងបីនោះទេ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការ តាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី ។

ជាការឆ្លើយតប លោក សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់ថា «ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនឯកឧត្តមផ្ទាល់ លោកសូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា លោកនឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី» ៕
