ព័ត៌មានជាតិ

ប្រកាសចូលកាន់ មុខតំណែង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ថ្មី !

ពោធិ៍សាត់ ÷ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខ តំណែង លោកលឹម វុទ្ធី ជាប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តពោធិ៍សាត់ ជំនួសលោកលី សុគន្ធី ដែលត្រូវចូលនិវត្តន៍ និង ពិធីប្រគល់អនុក្រឹត្យតែងតាំង ជូនលោក/លោកស្រី ជាប្រធានមន្ទីរអប់រំយុវជន និងកីឡាមកពីបណ្តារាជធានី/ខេត្តចំនួន ២១ រូបផ្សេងទៀត។

ពិធីនោះត្រូវបានរៀបចំឡើង នៅសាលប្រជុំ នៃរដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកខូយ រីដា អភិបាលខេត្ត,លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ប្រធានមន្ទីរអប់រំយុវជន និងកីឡាតាមបណ្តារាជធានី/ ខេត្ត,មន្ត្រី រាជការចំណុះមន្ទីរអប់រំយុវជន និងកីឡាខេត្ត,មន្ត្រីអ្នកមុខអ្នកការក្រុង/ស្រុក និង លោកគ្រូ/អ្នកគ្រូជាច្រើនរូបទៀតផងដែរ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បាន មានមតិស្វាគមន៍ និង អានរបាយការណ៍ អំពីស្ថានភាព វិស័យអប់រំ ក្នុងខេត្តពោធិ៍សាត់ជូនអង្គពិធី ។ បន្ទាប់ពីលោកស្រីនេត អង្គារតន៍ ប្រធាននាយកដ្ឋាន ធនធានមនុស្ស នៃក្រសួង អប់រំយុវជន និងកីឡាអានអនុក្រឹត្យលេខ ៩២២ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងមន្ត្រីរាជការចំនួន ២២ រូប ជាប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានី/ខេត្តរួចមក លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញប្រគល់អនុក្រឹត្យតែងតាំង និង ត្រារបស់មន្ទីរជូនលោកលឹម វុទ្ធី ជាប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តពោធិ៍សាត់ និង ប្រគល់អនុក្រឹត្យ តែងតាំងជូនដល់លោក លោកស្រីជាប្រធាន មន្ទីរអប់រំយុវជន និងកីឡាអញ្ជើញមកពីបណ្តារាជធានី/ខេត្តចំនួន ២១ រូប ព្រមទាំងបានបំពាក់មេដាយ ការងារជូនលោកលី សុគន្ធី អតីតប្រធានមន្ទីរ នាឱកាសនោះផងដែរ៕

To Top