ភ្នំពេញ ៖ រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យសរសៃ ឈាមបេះដូង Fuwai នៃខេត្តយូណាន ប្រទេសចិន(Fuwai Cardiovascular Hospital of Yunnan Province) ក្រុមគ្រូពេទ្យកម្ពុជា-ចិន បានជួយវះកាត់និងព្យាបាលជំងឺ ជូនដល់កុមារកម្ពុជា ចំនួន៤រូប ដែលមានជំងឺបេះដូង ពីកំណើត ។
លោកវេជ្ជបណ្ឌិត Duo Lin ប្រធានក្រុមគ្រូពេទ្យមន្ទីរពេទ្យ Fuwai បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចសហការ យ៉ាងជិតស្និទ្ធនិងរឹងមាំ អស់រយៈពេលជាងកន្លះទសវត្សរ៍រវាងមន្ទីរពេទ្យ Fuwai និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈលើបេសកកម្ម សំខាន់ចំនួន៤គឺ ៖ ១ -កិច្ចសហការលើការសិក្សាស្រាវជ្រាវ និងពង្រីកវិសាលភាព ចែករំលែកពីបច្ចេកទេស និងបច្ចេកវិទ្យាលើវិស័យជំនាញ វេជ្ជសាស្រ្តនៃការព្យាបាល ជំងឺបេះដូងពីកំណើត ២-បង្កើនបរិមាណនិងគុណភាព មូលធនមនុស្ស ឯកទេសបេះដូង ជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ៣-រួមគ្នាចុះពិនិត្យសុខភាព បេះដូង ជូនដល់កុមារកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវះកាត់ និងព្យាបាល ដោយឥតគិតថ្លៃ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិន និង៤ -ផ្តល់កិច្ចគាំទ្រលើគម្រោងនានា របស់សង្គមស៊ីវិលចិននៅកម្ពុជា ដោយផ្តោតលើការលើកម្ពស់ សុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិតក៏ បានរំលេចពីកិច្ចសហការតាំង ពីឆ្នាំ២០១៨រវាងអង្គការYUNDI មូលនិធិចិនPEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព ក្នុងការសម្របសម្រួល ជូនដល់ក្រុមគ្រូពេទ្យស្មគ្រ ចិត្តកម្ពុជា-ចិនចុះអនុវត្តសកម្មភាព ពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជាចំនួន៧៦,៥៦០នាក់ ដែលក្នុងនោះបានជួយវះកាត់និងព្យាបាល ជូនកុមារកម្ពុជា ចំនួន១០៧រូប ។ លោក រស់ សារ៉ែន រស់នៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងនូវការ ដឹងគុណដល់មន្ទីរពេទ្យFuwai មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យកម្ពុជា-ចិន ដែលបានវះកាត់និងព្យាបាល កូនស្រីបង្កើត របស់លោកឈ្មោះ រស់ វិជ្ជរ៉ា ហើយលោកក៏បានថ្លែងនូវការ កោតសរសើរនិង វាយតម្លៃខ្ពស់ ចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ដែលជានិច្ចកាល តែងបានចូលរួមសម្រប សម្រួល ជួយដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិនលើការពិនិត្យ ការព្យាបាល និងការអនុវត្តគម្រោង សុខភាព សាធារណៈនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា លើការយកចិត្តទុកដាក់ជាអាទិភាព ដល់សុខភាព របស់កុមារកម្ពុជា ។ បន្ថែពីលើនេះ ក្នុងនាមអាណាព្យាបាលនិង ក្រុមគ្រួសាររបស់កុមារ កម្ពុជាទាំង១០៧ រូប បានជាសះស្បើយពីជំងឺបេះដូង ពីកំណើត លោក រស់ សារ៉ែន ក៏បានថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា មន្ទីរពេទ្យ ព្រះកេតុមាលា និង ជាពិសេសវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលតែងបានគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ដល់បេសកកម្មការងាររបស់មន្ទីរពេទ្យFuwai នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៨មក៕