កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ប្រមាណ ៥០គ្រួសារ បានផ្ទុះការតវ៉ាជាថ្មី ដោយបាននាំគ្នាផ្ដិតមេដៃ សូមគោរពស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ និងដោះស្រាយទាន់ ពេលវេលា ខណ:បុគ្គលឈ្មោះ ជុង ហៃយ៉េង ម្ចាស់ក្រុមហ៊ុន ដីឡូតិ៍ សម្បត្តិរតនៈវិសាល ដែលមានទីតាំងស្ថិត នៅក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឆ្លើយតបជាមួយប្រជាពលរដ្ឋ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៤ ថាបានដោះស្រាយនៅសាលាខេត្ត តាមការទាមទាររបស់ប្រជាពលរដ្ឋ។
ប៉ុន្តែប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ជាពិសេសប្រជាពលរដ្ឋរស់ នៅក្នុងខេត្តកំពង់ឆ្នាំង ប្រមាណ៥០គ្រួសារ ដែលបានទិញដីឡូតិ៍ខាងលើមិនទាន់មានការដោះស្រាយណាមួយ ជូនពួកគាត់ឡើយ ទើបនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានមកប្រមូលផ្តុំគ្នា ផ្ដិតមេដៃ ប្ដឹងសូមគោរពស្នើ សុំជួយអន្តរាគមន៍ និងដើម្បរកដំណោះស្រាយ ករណីរឿងដីធ្លីខាងលើ។
បើយោងតាមកម្មវត្ថុ ស្នើសុំការពឹងពាក់ របស់តំណាងប្រជាពលរដ្ឋ ៥០គ្រួសារ តាមរយៈសារព័ត៌មាន សូមគោរព ដ៏ខ្ពង់ខ្ពស់ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
កម្មវត្ថុ: សុំប្ដឹងឈ្មោះ ជុង ហៃយ៉េន ម្ចាស់ក្រុមហ៊ុនដីឡូ សម្បត្តិ រតន:វិសាល ដែលទីតាំងស្ថិតនៅក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីបទរំលោភលើសេចក្ដីទុកចិត្ត(ឆបោក)។
យោង: លិខិតលេខ៥៣១/២៤ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំជ្រៃបាក់ ។
-ប្លងបង្ហាញទីតាំងទំហំផ្ទៃដីរួមទាំងមូល ។
-ស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ប្ដឹងស្នើសុំជួយអន្តរាគមន៍ និងសម្របសម្រួល ដើម្បរកដំណោះស្រាយ ។
ប្រជាពលរដ្ឋដែល ជាអតិថិជនរបស់ក្រុមហ៊ុន សម្បត្តិរតនៈវិសាល ទាំងនោះបានលើកឡើងថា ពួកគាត់បានមកទិញ ដីឡូតិ៍ពីលោក ជុង ហៃយ៉េន ជាអគ្គនាយក ក្រុមហ៊ុនសម្បត្តិរតនៈវិសាល ជាច្រើនឆ្នាំមកហើយ អ្នកខ្លះក៏បានបង់ប្រាក់ ឲ្យទៅខាងក្រុមហ៊ុនគ្រប់ចំនួន រីឯអ្នកខ្លះទៀតក៏ នៅខ្វះបន្តិចបន្តួច ប៉ុន្តែមកទល់ពេលនេះ ខាងក្រុមហ៊ុនមិនទាន់ បានកាត់ប្លង់កម្មសិទ្ធិ ឲ្យពួកគាត់នៅឡើយទេ។
ដោយសារតែការអស់ជំនឿ លើការសន្យាម្ដងហើយម្ដងទៀត របស់លោក ជុង ហៃយ៉េន ក្រុមហ៊ុនដីឡូត៏ សម្បត្តិរតនៈវិសាល ប្រជាពលរដ្ឋជា អតិថិជនទាំងអស់ ក៍បានដាក់ពាក្យបណ្ដឹង ចូលមកសាលាឃុំជ្រៃបាក់ ដើម្បីស្នើសុំជួយអន្តរាគមន៍ ហេីយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ជុង ហៃយ៉េន ប្រធានក្រុមហ៊ុន បានអញ្ជើញមកធ្វើកិច្ចសន្យា នៅចំពោះមុខអាជ្ញាធរឃុំ ដោយនៅក្នុងខ្លឹមសារបានឯកភាពគ្នា ដូចខាងក្រោម÷
ឯកភាពក្នុងការធ្វើប្លង់បំបែកក្បាលដី(ប្លង់រឹង)ដោយប្រើរយះពេលពី៦ខែដល់ ១២ខែ គឺដោយគិតចាប់ពីថ្ងៃ០១ ខែកក្កដា ឆ្នាំ២០២៣ត ទៅ ប្រសិនបើរយះពេលខាងលើ នៅតែមិនអាចបំបែកក្បាលដី (ប្លង់រឹង) បានទេលោក ជុង ហៃយ៉េន ជាម្ចាស់ដីត្រូវ សងសំណង១គុណ២ដង នៃប្រាក់ដែលអតិថិជនបានបង់កន្លងមក តែប្រសិនបើចេញប័ណ្ណ បំបែកក្បាលដីរួចហើយ ក្រុមហ៊ុនជូនដំណឹងទៅ អតិថិជនក្នុងរយះពេល០៦ខែមិនមកទទួលប័ណ្ណ និងមិនបង់ប្រាក់ដាច់ទេ ត្រូវសងមកលោក ជុង ហៃយ៉េន ស្មើនិងប្រាក់ដែលនៅសល់គុណនឹង០២ដងដែរ។
បើយោងតាមបញ្ជីឈ្មោះប្រជាពលរដ្ឋ ជាអតិថិជនចំនួន ៤៧នាក់ ដែលបានទិញដីឡូតិ៍ ពីក្រុមហ៊ុនសម្បត្តិរតនៈវិសាល ស្ថិតនៅក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំងក្នុងអំឡុង ពេល២ទៅ៣ឆ្នាំកន្លងមកនេះ បើគិតជាទឹកប្រាក់ប្រហែលជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោក ជុង ហៃយ៉េន ម្ចាស់ដីឡូតិ៍ក្រុមហ៊ុនរតនៈវិសាល បានឆ្លើយតប ជាមួយនឹងបណ្ដាញសារព័ត៌មានយើងកាលពីពាក់ កណ្ដាលខែមុនថា បានដោះស្រាយតាមការ ទាមទាររបស់ប្រជាពលរដ្ឋ ហើយ និងកំពុងដោះស្រាយបន្តនៅសាលាខេត្តកំពង់ឆ្នាំង។
ទោះជាមានការបកស្រាយ ពីលោក ជុង ហៃយ៉េន ម្ចាស់ក្រុមហ៊ុនដីឡូ សម្បត្តិរតនៈវិសាល យ៉ាងណាក្តីប្រជាពលរដ្ឋ ដែលជាអតិថិជនបានអះអាងថា មិនទាន់មានដំណោះ ស្រាយអ្វីទាំងអស់ ហើយពួកគាត់ នៅតែទទូចស្នើសុំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តជួយពន្លឿន នៃការដោះស្រាយជូនពួកគាត់ ដោយការអនុគ្រោះ ពីព្រោះថា ពួកគាត់មិនមានជំនឿ ទៅលើបុគ្គលឈ្មោះ ជុង ហៃយ៉េន ម្ចាស់ក្រុមហ៊ុនមួយនេះទៀតឡើយ ៕
ដោយសំបូរ