ស្វាយរៀង ៖ លោក ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាននិងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ។
ពិធីនេះមានការចូលរួម ពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង លោកលោកស្រី ជាមន្ត្រីរាជការ នៃមន្ទីរព័ត៌មាន ខេត្តស្វាយរៀង លោក លោកស្រី ជាអ្នកសារព័ត៌មានប្រចាំ ខេត្តស្វាយរៀង ជាច្រើនរូបទៀតផងដែរ ។
លោក កែវ ច័ន្ទលី បានថ្លែងថា ការងារផ្សព្វផ្សាយផេកព័ត៌មាន និងសាតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តបានចុះផ្សាយ និងបង្ហោះព័ត៌មានក្នុងខេត្តបានចំនួន ១៣១៥ អត្ថបទ រូបភាព និង ព័ត៌មានជាតិចំនួន ៤,៨២២ អត្ថបទ-រូបភាព ។ បានបន្តសុពលភាពអាជ្ញាប័ណ្ណ បានចេញលិខិតអនុញ្ញាត ឲ្យបន្តបើកអាជីវកម្ម កាសែត ចំនួន ១អាជ្ញាប័ណ្ណ គេហទំព័រចំនួន៩អាជ្ញាប័ណ្ណ បានចេញលិខិត អនុញ្ញាតផ្សព្វផ្សាយ ពាណិជ្ជកម្មតាមស្លាកយីហោ office និងប៉ាណូ ចំនួន ១៤៣ ទីតាំង ។
លោកបានបន្តថា អង្គភាពសារព័ត៌មាន ក្នុងខេត្តស្វាយរៀង មានកាសែតចំនួន៣អង្គភាព គេហទំព័រចំនួន២២ អង្គភាព ស្ថានីយវិទ្យុផ្សាយផ្ទាល់ចំនួន៣ស្ថានីយស្ថានីយវិទ្យុ ផ្សាយបន្តចំនួន៤ស្ថានីយ ស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់ចំនួន១ស្ថានីយ (បច្ចុប្បន្នផ្សាយតាម Online)ស្ថានីយទូរទស្សន៍ ផ្សាយបន្តចំនួន ៥ស្ថានីយ អង្គភាព។
ជាមួយគ្នានេះ លោក ម៉ែន អេង អភិបាលរង ខេត្តស្វាយរៀង បានថ្លែងលើកឡើងពីសមិទ្ធផលនានា ក្រោមការប្រឹងប្រែង របស់រដ្ឋបាលខេត្តស្វាយរៀង សម្រេចបានលទ្ធផល ផ្លែផ្កាជាច្រើន និងស្នើសុំឲ្យ អ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយព័ត៌មាន ដែលពិត ជាពិសេសជួយផ្សព្វផ្សាយ សមិទ្ធផលរបស់ខេត្តស្វាយរៀង ឲ្យបានច្រើន ចៀសវាងផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្ត ក៏ដូចជាប្រទេសជាតិ ទាំងមូលផងដែរ។
បន្ថែមលើសពីនេះ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងផ្ដាំផ្ញើ ដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង គួររៀបចំកម្មវិធី សិក្ខាសាលា បើកវគ្គបង្រៀនខ្លីៗ ដល់បងប្អូនអ្នកសារព័ត៌មាន ឲ្យបានយ៉ាងហោចណាស់ មួយឆ្នាំម្ដង និងដើម្បីឆ្លៀតឱកាស សំណេះសំណាល ជាមួយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង ដើម្បីទទួលយក សំណូមពរផ្សេងៗ របស់បងប្អូនអ្នកសារព័ត៌មានយើង ងាយស្រួលក្នុងការ ដោះស្រាយបញ្ហានៅចំពោះមុខ៕