ភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។
តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានបញ្ជាក់ថា អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេស អង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅ តែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និង លទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥត ឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណ បក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ ហើយព្រមជាមួយនេះ សភាពការណ៍អន្តរ ជាតិក៏កាន់តែស្មុគស្មាញឡើងៗ។
កត្តាទាំងនេះ បាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយ របស់គណបក្សលើគ្រប់ទិដ្ឋភាព ដូចជា បញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជន ជាដើម។
លើមូលដ្ឋាននេះ ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ ដូចជា៖ ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
អង្គសន្និបាត បញ្ជាក់បន្ថែមថា «ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ»។
ក្នុងស្មារតីនេះ បន្ត លើកកម្ពស់ការអនុវត្តពាក្យស្លោក “អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕