ព័ត៌មានជាតិ

សេចក្ដីណែនាំស្តីពី ការពង្រឹងតួនាទីភារកិច្ច របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាល ជូនសមាជិក ប.ស.ស.

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩​ ខែមករា​ឆ្នាំ២០២៥នេះបាន​ចេញសេចក្ដីណែនាំស្តីពីការពង្រឹងតួនាទី ភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.។

សេចក្ដីណែនាំគូសបញ្ជាក់ថាដើម្បីផ្តល់សេវាសុខាភិបាល ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស. មូលដ្ឋានសុខាភិបាលត្រូវអនុវត្តតាមរំហូរ ដូចខាងក្រោម ៖
១. សាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាល ដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស.
២. ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដា នៃការបែងចែកជំងឺដោយផ្អែកលើ លទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃ ភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែល កំណត់ដោយក្រសួងសុខាភិបាល
៣. ធ្វើការកំណត់អត្តសញ្ញាណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ

៤. ប្រើប្រាស់ថ្នាលបច្ចេកវិទ្យាគាំពារ សុខភាពសង្គមលើវេបផតថល H-SPIS (Health-Social Protection Information System) ឬកម្មវិធីលើទូរសព្ទដៃ NSSF Agent App ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យ សុពលភាពកាតរបស់សមាជិក ប.ស.ស.
៥. ឱ្យសមាជិក ប.ស.ស. ស្គែនខ្ចៅដៃមុនពេលបោះពុម្ពទម្រង់ លិខិតប្រើប្រាស់សេវាសុខាភិបាល (Patient Form) លើកលែងករណីសង្គ្រោះបន្ទាន់

៦. ធ្វើការជ្រើសរើសមុខងារនីមួយៗតាមស្ថានភាពជំងឺ និងប្រវត្តិនៃការចូលព្យាបាលរបស់ជំងឺជាសមាជិក ប.ស.ស. ក្នុងប្រព័ន្ធ H-SPIS
៧. ពន្យល់ណែនាំពីផលវិបាកដែលសមាជិក ចូលប្រើប្រាស់សេវាព្យាបាលច្រើន ឬមានភាពមិនប្រក្រតី (អាចមានបញ្ហាសុខភាពមិនជាក់លាក់ ឬការមកសុំបើកថ្នាំ ឬការមកសុំវេជ្ជបញ្ជា)

៨. ករណីប្រព័ន្ធ H-SPIS មិនអនុញ្ញាតឱ្យបោះពុម្ពលិខិត ប្រើប្រាស់សេវាសុខាភិបាល ប៉ុន្តែស្ថានភាពជំងឺជាក់ស្តែង ត្រូវការព្យាបាល សូមធ្វើការទំនាក់ទំនងមកកាន់ ប.ស.ស. (Hotline1286 ឬ1297)
៩. បន្តផ្តល់សេវាព្យាបាលទៅកាន់សមាជិក ប.ស.ស. តាមរំហូរពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ សង្គ្រោះបន្ទាន់ និងករណីបញ្ចូន ដោយប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកអ្នកជំងឺ

១០. ត្រូវផ្ដល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស.។

ក្នុងភាពជាដៃគូល្អនឹងគ្នា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ជាអគ្គនាយក នាយក និងប្រធានមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងអស់ មេត្តាចូលរួម អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

To Top