ព័ត៌មានជាតិ

គ្រូបង្រៀនសាលាកំពង់ថ្ម ស្នើអាជ្ញាធរខេត្តកំពង់ធំ ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ ពីរឿងទំនាស់សំយាបផ្ទះ!

កំពង់ធំ៖ រឿងរ៉ាវជម្លោះដោយសារតែការសាងសង់សំយ៉ាបលើដំបូលផ្ទះ ដែលមានផលប៉ះពាល់រវាងគ្នានឹងគ្នាទៅវិញទៅមកនោះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ អាជ្ញាធរឃុំ.ស្រុកនៅតែរកដំណោះស្រាយជូនគូភាគីទាំងសងខាងមិនបាន។

លោក តាន់ កែវ វិជ្ជា និងអ្នកស្រី មាន.ផល ជាគ្រូបង្រៀននៅសាលាវិទ្យាល័យជាស៊ីមកំពង់ថ្មដែលមានទីលំនៅនៅក្នុងភូមិ ព្រៃតាត្រាវ.ឃុំបល្ល័ង ស្រុកបារាយណ៍ខេត្តកំពង់ធំ បានរៀបរាប់ពីសភាពការណ៍វិវាទរឿងទំនាស់សំយ៉ាបផ្ទះរវាងលោក និងលោក ហេង.រតនៈ អ្នកស្រី ផ្លិច.សុគន្ធារ៉ា.(ម្ចាស់ដី )ត្រូវជាប្រពន្ធ និង ឈ្មោះ ហេង.ចន្នី ដែលរស់នៅក្នុង ភូមិ.ឃុំ កើតហេតុជាមួយគ្នាឲ្យនយោគព័ត៌មានយើងដឹងថា ទំនាស់ដែលបានកើតឡើងនេះគឺដោយសារតែបុគ្គលទាំងបីនាក់ដែលបានរៀបរាប់ឈ្មោះខាងលើនោះ បានសាងសង់សំណង់រឹងមាំដោយគ្មានច្បាប់ ហើយបានធ្វើឲ្យមានផលប៉ះពាល់គ្របមកលើសំយ៉ាបដំបូលផ្ទះរបស់គាត់ទៀត។

លោក.តាន់ កែវវិជ្ជា បានបន្តឲ្យដឹងទៀតថា ដំបូងឡើយគាត់បានហាមប្រាមប្រាប់ម្ដងហើយម្ដងទៀត តែភាគី របស់លោកហេងរតនៈអ្នកស្រី ផ្លិច.សុគន្ធារ៉ា និងអ្នកស្រី ហេង.ចន្នី នៅតែបំពារបំពានមកលើក្រុមគ្រួសាររបស់គាត់ថែមទៀត។ រហូតដល់មានការដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីអាជ្ញាធរ ភូមិ.ឃុំ ស្រុក និង មន្ត្រីជំនាញដើម្បីឲ្យជួយរកដំណោះស្រាយឲ្យក្រុមគ្រួសាររបស់គាត់ទៀតផង។ ក៏ប៉ុន្តែចំពោះទំនាស់នេះ អាជ្ញាធរ ភូមិ.ឃុំ ស្រុកនៅតែរកដំណោះស្រាយឲ្យមិនបាន បើទោះបីជាជម្លោះនេះមានកិច្ចព្រមព្រៀងនិងកិច្ចសន្យាពីអាជ្ញាធរឃុំ ស្រុកជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយក៏បុគ្គលទាំងបីនាក់ខាងលើនៅតែមិនគោរពមិនខ្លាចមិនញញើតជាមួយនឹងច្បាប់ទម្លាប់នោះដែរ។ ដូច្នេះហើយលោកក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងចូលទៅកាន់អាជ្ញាធរខេត្ត ដើម្បីឲ្យអាជ្ញាធរខេត្តជួយដោះស្រាយតែម្ដងទៅ។ លោក តាន់ កែវវិជ្ជា និងអ្នកស្រី មាន.ផលដែលជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមកំពង់ថ្មបានសំណូមពរដល់អាជ្ញាធរខេត្តសូមមេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ផង។ ទាក់ទងទៅនឹងការចោទប្រកាន់ពីសំណាក់លោកតាន់ កែវវិជ្ជា និង អ្នកស្រីមាន.ផល នេះផងដែរ។អ្នកស្រី ហេង.ចន្នីអាយុ 73 ឆ្នាំដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំជាមួយគ្នាបានលើកឡើងឲ្យដឹងថាចំពោះការសាងសង់សំណង់របស់អ្នកស្រី។គឺអ្នកស្រីធ្វើទៅតាមប្លង់ដីដែលច្បាប់បានបែងចែកឲ្យតែប៉ុណ្ណោះ។ហើយចំពោះការសាងសង់សំណង់រឹងមាំដែលពុំទាន់មានច្បាប់រហូតមកទល់នឹងពេលនេះនោះគឺអ្នកស្រីបានឱ្យលោក អ៊ុំ សោភារ៉ា ជាប្រធានការិយាល័យភូមិបាលស្រុកបារាយណ៍ជាអ្នករត់ការឲ្យអ្នកស្រីដោយអ្នកស្រីបានប្រគល់ថវិកាចំនួន 500 ដុល្លារឲ្យទៅលោក អ៊ុំ សោភារ៉ា នោះទៀតក៏ប៉ុន្តែច្បាប់ពុំត្រូវបានអនុញ្ញាតឱ្យអ្នកស្រីនោះឡើយ។ដោយសារតែដីកំពុងសាងសង់សំណង់រឹងមាំនោះគឺជាដីចំណីផ្លូវ។ ឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានលោក អ៊ុំ សោភារ៉ា ក្នុងនាមជាប្រធានការិយាល័យភូមិបាលស្រុកបារាយណ៍បានលើកឡើងឲ្យដឹងថា ចំពោះជម្លោះនេះលោកបានបញ្ជូនទៅកាន់ថ្នាក់ស្រុកដើម្បីឲ្យថ្នាក់ស្រុកជាអ្នកដោះស្រាយរួចរាល់អស់ហើយ។ ហើយលោកពុំមែនជាអ្នកដោះស្រាយនោះដែរ។

លោក សុខ ម៉ារី ក្នុងនាមជាអភិបាលរងស្រុកបារាយណ៍ ដែលជាអ្នកទទួលបន្ទុកដោះស្រាយរឿងវិវាទទូទៅបានលើកឡើងថា ចំពោះជម្លោះពីបញ្ហាសាងសង់ដំបូលផ្ទះប៉ះគ្នាបន្តិចបន្តួចនេះគឺបានអូសបន្លាយជាច្រើនឆ្នាំកន្លងមកហើយលោកទទួលស្គាល់។ក៏ប៉ុន្តែអាជ្ញាធរស្រុកក៏ធ្លាប់បានចេញលិខិតផ្អាកសកម្មភាពចំពោះការសាងសង់សំណង់រឹងមាំដោយគ្មានច្បាប់នោះដែរ រហូតថ្នាក់ស្រុកដោះស្រាយពុំចេញ លោកក៏បានបញ្ជូនរបាយការណ៍ទៅថ្នាក់ខេត្តបន្តទៀត។ ដើម្បីរាយការណ៍ជូនថ្នាក់ខេត្តឲ្យបានជ្រាបនិងសុំឲ្យថ្នាក់ខេត្តជួយរកដំណោះស្រាយជូនភាគីទាំងសងខាងនេះទៀតផង។

សូមបញ្ជាក់ផងដែរថា បើទោះបីជាលោកសុខ ម៉ារី អភិបាលរងស្រុកបារាយណ៍បានលើកឡើងថាសំណង់រឹងមាំ ត្រូវបានចេញលិខិតផ្អាកសកម្មភាពយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះក៏គេនៅតែសង្កេតឃើញថា ការសាងសង់សំណង់រឹងមាំពីភាគីរបស់ លោក ហេង រតនៈ អ្នកស្រី ផ្លិច សុគន្ធារ៉ា និង អ្នកស្រីហេង ចន្នី បច្ចុប្បន្ននៅតែបន្តរសាងសង់ដដែលជាដដែល៕

ដោយ៖ សំនៀង

To Top