ភ្នំពេញ៖ សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញាចិត្តមិនចូលរួមបាតុកម្ម ជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈពួកគេបានថ្កោលទោសអ្នកផ្ដួចផ្ដើម បាតុកម្មទាំងអស់នោះ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា «ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗដែលកំពុងស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅសាធារណរដ្ឋកូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្ម ជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ ហើយតែងនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។

លោកបន្តថា៖«សូមបងប្អូនកុំចាញ់ឧបាយកលបោកបញ្ឆោត របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបានញុះញង់ ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដងចំពោះបងប្អូន យើងកុំទៅចូលរួមធ្វើបាតុកម្ម ព្រោះបាតុកម្មមិនមែនជាជម្រើសដែលធ្វើឱ្យ ស្រុកទេសយើងរីកចំរើននោះទេ គឺមានការជួយគ្នា ដើម្បីអភិវឌ្ឍស្រុកទេសយើង»។
លោក អ៊ុន ដារ៉ា បន្ថែមថា បាតុកម្មធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្រុកទេសរបស់គេ និងខូចទាំងឈ្មោះជាជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរឈប់ចាញ់ ឧបាយកលបោកបញ្ឆោតរបស់ក្រុម ប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្ម ដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សា សិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ខ្ញុំគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលពួកគាត់តាំងចិត្តខ្ពស់មិនចូលរួមបាតុកម្ម ជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្ម មិនមែនជាដំណោះស្រាយទេ ហើយនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិយើងនៅបរទេសទៅវិញទេ»។
លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុង អុជអាលដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ ពួកគេមានចេតនានាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន បាត់បង់ទឹកដីកាន់តែច្រើនថែមទៀត និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង។

ចំណែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាបានថ្លែងថា «ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារ កោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការបម្រើបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិ លើករណីកោះគុត។ ដូចដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗហើយ គឺប្រទេសយើងទាំងពីរកំពុងតែ ធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល»។
ក្នុងនាមលោកជាពលរដ្ឋខ្មែរ លោកបានបង្ហាញពីភាពជឿជាក់ខ្ពស់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃ ដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ ហើយចៀសវាងការដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយ អាវុធជាមួយប្រទេសជិតខាង។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះ ព្រោះពួកគេបោកប្រាស់បងប្អូន ហើយអ្នកដែលរងគ្រោះយកជីវិត ទៅការពារជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូន»។
លោកបន្តថា ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីរៃអង្គាស់ប្រាក់ពីបងប្អូន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការបាតុកម្មនៅលើទឹកដីបរទេស គឺជាចេតនាបំផ្លាញកិត្តិយសជាតិនៅលើឆាកអន្តរជាតិ ដែលមិនអាចចាត់ទុកជាយុវជន ឬពលរដ្ឋជាអ្នកស្នេហាជាតិបានទេ ៕
