ព័ត៌មានជាតិ

សម្តេចធិបតី៖ សម័យបច្ចេកវិទ្យា ជួនកាលរឿងតូច អាចទៅជារឿងធំ ទាមទារឱ្យយល់ស្ថានការច្បាស់លាស់

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ជួនកាលរឿងតូច អាចទៅជារឿងធំ ពេលខ្លះដោយសារការមិនយល់ច្បាស់លាស់ ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស​ នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ (នារី ១ ១៦៩ នាក់) នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី ហ៊ុន ម៉ាណែត បានរំលេច អំពីករណីដែលកើតឡើងថ្មីៗ និងទាក់ទាញមហាជនតាមដានខ្លាំង ពោលរឿងការដាក់លូ ដែលតម្រូវឱ្យបង់ថវិកា៤០ដុល្លារ និងជាពិសេសករណីប៉ះទង្គិចពាក្យសម្តីគ្នា រវាងមន្ត្រីអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាដើម ។

ទោះជាយ៉ាងណា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា សម្តេចក៏មិនអាចបកស្រាយ ឬលើកឡើងគ្រប់បញ្ហាទាំងអស់នោះទេ ព្រោះមានមន្ត្រីពាក់ព័ន្ធជំនាញផ្សេងៗ បានធ្វើការលើរឿងទាំងនេះរួចរាល់ទៅហើយ ។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “វាមិនមែនដោយសារជារឿងថ្មី នៃការធ្វើបែបនោះ ប៉ុន្តែរឿងនេះ វាជារឿងកើតតូចមួយ ពន្យល់រួចទៅហើយ ខ្ញុំសូមមិនពន្យល់ទេ។ តាមពិតបើសិនជាយើងយល់រឿង អត់ច្រឡំ អត់ពិបាក អត់ទៅជារឿងធំនោះទេ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំ ឱ្យជជែកគ្នាជាមុន ហើយរួមគ្នា ឯកភាពគ្នា នោះរឿងរ៉ាវនឹងមិនពិបាកឡើយ និងបង្កើតជារឿងមានបញ្ហា៕

To Top